(ហ្សេរុយសាឡឹម)៖ កងកម្លាំងការពារជាតិអ៉ីស្រាអែល បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា កងទ័ពរបស់ខ្លួនបានផ្តាច់ជីវិតជនសកម្មប្រយុទ្ធប៉ាឡេស្ទីន ​សរុបចំនួន៤០០នាក់ ទាំងនៅភាគខាងត្បូងអ៉ីស្រាអែល និងនៅតំបន់ Gaza Strip ហើយថែមទាំងចាប់ខ្លួនបានប៉ុន្មាននាក់ទៀតផង ក្នុង​ការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ និងកំពុងតែបន្តប្រព្រឹត្តទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយក្នុងសន្និសីទសារព័ត៌មានថា អ្នកប្រយុទ្ធរបស់ក្រុមប៉ាឡេស្ទីន Hamas ចំនួនជាង៤០០នាក់ ត្រូវបានសម្លាប់ ក្នុងអំពើហិង្សាដែលកំពុងបន្តប្រព្រឹត្តទៅ នៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល និងនៅតំបន់ Gaza ដែលជាមូលដ្ឋានរបស់ក្រុម Hamas។​ អំពើហិង្សាថ្មីចុងក្រោយបំផុតនេះ ត្រូវបានចាប់ផ្តើមឡើង ដោយការឆ្មក់វាយប្រហារទ្រង់ទ្រាយធំសម្បើមពុំធ្លាប់មានរបស់ក្រុម Hamas ទៅលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍។

បើតាមអ្នកនាំពាក្យខាងលើ បេសកកម្មចម្បងរបស់យោធាអ៉ីស្រាអែល នាពេលនេះ គឺធ្វើយ៉ាងណាជម្លៀសប្រជាជនទាំងអស់ចេញពីក្រុងនានា ដែលនៅក្បែរព្រំប្រទល់តំបន់ Gaza, បញ្ចប់ការប្រយុទ្ធគ្នានៅក្នុងទឹកដីអ៉ីស្រាអែល, គ្រប់គ្រងកន្លែងធ្លុះធ្លាយនៃរនាំងសន្តិសុខ ហើយ​បន្តប្រតិបត្តិការវាយប្រហារសងសឹក ទៅលើទីតាំងរបស់ក្រុម Hamas នៅតំបន់ Gaza។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ក្រុម Hamas បានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់សំដៅទៅកាន់អ៉ីស្រាអែល ហើយបានបញ្ជូនក្រុមខ្មាន់កាំភ្លើងរបស់ខ្លួន ឱ្យឆ្លងព្រំដែនដើម្បីចូល​លុកលុយដល់ក្នុងទឹកដីអ៉ីស្រាអែល។ នៅខាងអ៉ីស្រាអែល មនុស្សច្រើនជាង៣៥០នាក់បានស្លាប់ និងជាង១,៨០០នាក់បានរងរបួស ហើយរាប់សិបនាក់ទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ រីឯក្រសួងសុខាភិបាលនៅ Gaza បានអះអាងថា ជនជាតិប៉ាឡេស្ទីន៣១៣នាក់ ត្រូវបានសម្លាប់ និងប្រមាណ១,៩៩០នាក់ទៀត បានរងរបួសនៅក្នុងតំបន់នោះ ដោយសារតែការវាយប្រហារសងសឹកតាមផ្លូវអាកាស​របស់អ៉ីស្រាអែល៕

រូបភាពពី Reuters