(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ជនជាតិថៃ២នាក់បានបាត់បង់ជីវិត ក្នុងការផ្ទុះអំពើហិង្សារវាងកងកម្លាំងរបស់​អ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas នាចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣។

នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន បានបង្ហោះសារលើបណ្តាញសង្គមឱ្យដឹងថា រូបលោកទទួលបានរបាយការណ៍ពីឯកអគ្គរាជទូតថៃ ប្រចាំនៅទីក្រុងតែលអាវីវនៃប្រទេសអ៉ីស្រាអែលថា ពលរដ្ឋថៃចំនួន២នាក់បានស្លាប់ ដោយសារអំពើហិង្សារវាងអ៉ីស្រាអែល និងក្រុម Hamas ដែលបានផ្ទុះឡើងភ្លាមៗកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ លោក សេដ្ឋា​ មិនបានចែករំលែកខ្លឹមសារលម្អិតអ្វីទៀតឡើយ ប៉ុន្តែលោកបាន​បន្ថែមថា ខាងក្រសួងការបរទេសថៃ កំពុងធ្វើការដើម្បីជម្លៀសជនជាតិថៃ ចេញពីអ៉ីស្រាអែល។

គួរបញ្ជាក់ថា អំពើហិង្សានាចុងសប្តាហ៍នេះ បានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ និងរាប់ពាន់នាក់រងរបួស សរុបទាំងនៅអ៉ីស្រាអែល និងនៅតំបន់ Gaza ដែលគ្រប់ដោយដោយក្រុម Hamas។ មកទល់ថ្ងៃអាទិត្យនេះ ភាគីទាំងសងហាក់ខាងកំពុងបន្តប្រយុទ្ធគ្នាដដែល។ វាគឺជាការកើនឡើងខ្លាំងភ្លាមៗ នៃភាពតានតឹងក្នុងជម្លោះរាប់ទសវត្សរ៍មកហើយ រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ ក្រុម Hamas បាន​បាញ់ស្រោចរ៉ុក្កែតរាប់ពាន់គ្រាប់ និងបញ្ជូនខ្មាន់កាំភ្លើងឆ្លងព្រំដែនចូលអ៉ីស្រាអែល ក្នុងការវាយប្រហារទ្រង់ទ្រាយធំនិងដ៏ភ្ញាក់ផ្អើលមួយ ខណៈយោធាអ៉ីស្រាអែល បាននិងកំពុងវាយប្រហារសងសឹកទៅវិញលើតំបន់ Gaza៕

រូបភាពពី AFP