(កាហ្សា)៖ ក្រុមប៉ាឡេស្ទីន ហៅថា ហាម៉ាស់ (Hamas) នាចុងសប្តាហ៍នេះ បានបើកការវាយប្រហារដំធំបំផុតចេញពីតំបន់ កាហ្សា ស្រ្ទីព (Gaza Strip) លើប្រទេសអ៉ីស្រាអែល ខណៈវាជាការកើនឡើងភាពតានតឹងធ្ងន់ធ្ងរខ្លាំងមួយ នៅក្នុងបញ្ហាជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន គិតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

តើក្រុម Hamas ជានរណា?

ក្រុម ​Hamas ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៧ អំលុងព្រឹត្តិការណ៍បះបោររបស់ជនជាតិប៉ាឡេស្ទីនឬ Palestinian Intifada ដំបូង។ ក្រុមនេះទទួលបានការគាំទ្រពីអ៉ីរ៉ង់ និងប្រកាន់ខ្ជាប់មនោគមវិជ្ជាដូចគ្នាទៅនឹងក្រុមភាតរភាពអ៉ីស្លាម ឬ Muslim Brotherhood ដែល​ត្រូវបានបង្កើតឡើងនៅប្រទេសអេហ្ស៉ីប អំលុងទសវត្សរ៍ឆ្នាំ១៩២០។

ក្រុម Hamas បានគ្រប់គ្រងតំបន់ Gaza Strip ចាប់តាំងពីតែឆ្នាំ២០០៧មក ក្រោយការធ្វើសង្រ្គាមស៉ីវិលរយៈពេលខ្លី ជាមួយកងកម្លាំងស្មោះ​ស័្មគ្រចំពោះចលនា ហ្វាតា (Fatah) ដែលដឹកនាំដោយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ (Mahmoud Abbas) ដែលគ្រប់គ្រងតំបន់ប៉ាឡេស្ទីនមួយទៀតគឺ ហ្វេសប៊ែង (West Bank) និងជាមេដឹកនាំអង្គការជាតិនិយមប៉ាឡេស្ទីន Palestine Liberation Organization (PLO) ដែលអន្តរជាតិទទួលស្គាល់ជា តំណាងផ្លូវការរបស់ប្រជាជនប៉ាឡេស្ទីនទាំងមូល។

ការឡើងគ្រប់គ្រងតំបន់ Gaza ដោយ Hamas គឺបន្ទាប់ពីក្រុមនេះ ទទួលជ័យជម្នះក្នុងការបោះឆ្នោតសភាប៉ាឡេស្ទីន កាលពីឆ្នាំ២០០៦ ដែលជាលើកចុងក្រោយ ការបោះឆ្នោតរបៀបនោះត្រូវបានធ្វើឡើង។ យ៉ាងណាមិញ ក្រុម Hamas បានចោទប្រកាន់ថា ​លោក Abbas មានផែនការប្រឆាំងនឹងខ្លួន។ លោក Abbas បានចាត់ទុកអ្វីដែលកើតឡើងជារដ្ឋប្រហារ។

ចាប់តាំងពីពេលនោះមក រឿងហេតុជម្លោះជាច្រើនបានកើតឡើងជាមួយអ៉ីស្រាអែល ដែលជារឿយៗគឺពាក់ព័ន្ធការបាញ់ផ្លោងរ៉ុក្កែតដោយ​ក្រុម Hamas ពីតំបន់ Gaza សំដៅទៅអ៉ីស្រាអែល និងការវាយប្រហារតាមផ្លូវអាកាស ក៏ដូចជាការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ​មកលើតំបន់ Gaza។ ក្រុម Hamas បដិសេធទទួលស្គាល់រដ្ឋអ៉ីស្រាអែល និងបានជំទាស់ដោយហិង្សា ចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងអូស្លូ ដែលត្រូវបានចរចាដោយ អ៉ីស្រាអែលនិងអង្គការ PLO កាលពីអំលុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។

Hamas មានក្រុមប្រដាប់អាវុធហៅថា Izz ad-Din al-Qassam Brigades ដែលបានបញ្ជូនខ្មាន់កាំភ្លើង និងជនបំផ្ទុះគ្រាប់បែក​អត្តឃាត ទៅធ្វើសកម្មភាពនៅអ៉ីស្រាអែល។ ក្រុម Hamas ចាត់ទុកសកម្មភាពប្រដាប់អាវុធរបស់ខ្លួន ជាចលនាតស៊ូប្រឆាំងទៅនឹង​ការត្រួតត្រារបស់អ៉ីស្រាអែល។

ធម្មនុញ្ញឆ្នាំ១៩៨៨ របស់ក្រុម Hamas បានចែងឱ្យកម្ទេចប្រទេសអ៉ីស្រាអែលតែម្តង ប៉ុន្តែមេដឹកនាំរបស់ Hamas ពេលខ្លះ បានដាក់ជាសំណើចង់ឱ្យ​មាន បទឈប់បាញ់គ្នារយៈពេលវែងជាមួយអ៉ីស្រាអែល ប្រសិនបើមានការទទួលស្គាល់ទឹកដីប៉ាឡេស្ទីនទាំងអស់ ជារដ្ឋប៉ាឡេស្ទីន​ឯករាជ្យមួយ បន្ទាប់ពីត្រូវបានត្រួតត្រាដោយអ៉ីស្រាអែល អំលុងសង្រ្គាមឆ្នាំ១៩៦៧។ យ៉ាងណាក្តី អ៉ីស្រាអែលចាត់ទុកសំណើទាំងនោះ ថាជារឿងបោកបញ្ឆោតប៉ុណ្ណោះ។

ក្រុម Hamas ត្រូវបានកត់ឈ្មោះជា អង្គការភេរវកម្មដោយអ៉ីស្រាអែល សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា អេហ្ស៉ីប និងជប៉ុន។ ក្រុម Hamas ស្ថិតក្នុងផ្នែកនៃសម្ព័ន្ធភាពមួយនៅក្នុងតំបន់ ដែលរួមមានទាំងអ៉ីរ៉ង់​ ស៉ីរី និងក្រុម Hezbollah នៅឯប្រទេសលីបង់។ ភាគីនានា​នៅក្នុងសម្ព័ន្ធភាពនេះ សុទ្ធតែប្រកាន់និន្នាការប្រឆាំងគោលនយោបាយរបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ហើយនិងអ៉ីស្រាអែល។ ស្របពេលមូលដ្ឋានអំណាចរបស់ខ្លួន ស្ថិតនៅតំបន់ Gaza Strip ក៏ដោយ ក្រុម Hamas ក៏មានអ្នកគាំទ្រនៅពាសពេញដែនដីប៉ាឡេស្ទីន ហើយមានមេដឹកនាំពាសពេញមជ្ឈិមបូព៌ា នៅតាមប្រទេសផ្សេងៗ រួមទាំងកាតាផងដែរ។

មេដឹកនាំក្រុម Hamas លោក Ismail Haniyeh បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានរបស់ខ្លួនលើអ៉ីស្រាអែល នាចុងសប្តាហ៍នេះ គឺជាការឆ្លើយតបចំពោះការប្រមាថលើព្រះវិហារ អាល់អឹក-ស (Al Aqsa) ព្រមទាំងអំពើឃោរឃៅផ្សេងៗ ដែលអ៉ីស្រាអែលបានប្រព្រឹត្ត​ប្រឆាំងលើប្រជាជនប៉ាឡេស្ទីន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។ បើតាមលោក Haniyeh ទង្វើទាំងនោះ រួមមានទាំងការបិទខ្ទប់តំបន់ Gaza រយៈពេលប្រមាណ១៦ឆ្នាំ, ប្រតិបត្តិការវាយឆ្មក់ជារឿយៗរបស់អ៉ីស្រាអែល នៅតាមទីក្រុងនៃតំបន់ West Bank ព្រមទាំងការ​កើនឡើងនៃការវាយប្រហារដោយ ក្រុមអ្នកតាំងទីលំនៅរបស់អ៉ីស្រាអែលលើជនជាតិប៉ាឡេស្ទីន និងការរីកដុះដាលនៃកាន់តែធំទៅៗនៃ​ការសាងសង់ទីលំនៅរបស់អ៉ីស្រាអែល ក្នុងដែនដីប៉ាឡេស្ទីន។ ការផ្ទុះអំពើហិង្សាចុងក្រោយនេះ បានមើលឃើញមនុស្សសរុបយ៉ាងតិចប្រហែល៥០០នាក់ស្លាប់ និងយ៉ាងហោចជាង៣,០០០នាក់រងរបួស នៅក្នុងប្រទេសអ៉ីស្រាអែល និងនៅតំបន់ Gaza៕

ប្រភពពី Reuters

រូបភាពពី AFP