(ហ្សេរុយសាឡឹម)៖ នាចុងសប្តាហ៍នេះ អំពើហិង្សាបានពុះកញ្រ្ជោលឡើងយ៉ាងខ្លាំងក្លាបំផុត រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន បន្ទាប់ពីក្រុម Hamas ដែលគ្រប់គ្រងតំបន់ Gaza បានឆ្មក់បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល ហើយជាលទ្ធផលភាគីទាំងសងខាង បាន​មើលឃើញមនុស្សស្លាប់សរុបរាប់រយនាក់ និងរបួសរាប់ពាន់នាក់។ ខាងក្រោមនេះជាលំដាប់ព្រឹតិ្តការណ៍សំខាន់ៗ នៃការកើនឡើង​ភាពតានតឹងនៅក្នុង បញ្ហាវិវាទរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន៖

ខែសីហា ឆ្នាំ២០០៥៖ កងកម្លាំងរបស់អ៉ីស្រាអែល ទីបំផុតបានដកថយចេញពីតំបន់ Gaza Strip គឺរយៈពេល៣៨ឆ្នាំ ក្រោយបានដណ្តើម​កាន់កាប់តំបន់នោះពីអេហ្ស៉ីប អំលុងសង្រ្គាមមជ្ឈិមបូព៌ា ដោយបានទុកតំបន់ Gaza ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីន។

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៦៖ ក្រុមហាម៉ាស់ (Hamas) ឈ្នះបានអាសនៈក្នុងសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតសភាប៉ាឡេស្ទីន។ អ៉ីស្រាអែលនិងសហរដ្ឋអាមេរិក ក៏បានកាត់ផ្តាច់ជំនួយសម្រាប់ប៉ាឡេស្ទីន ដោយសារតែក្រុម Hamas មិនព្រមប្រកាសបោះបង់ចោល​ការប្រើអំពើហិង្សា និងទទួលស្គាល់អ៉ីស្រាអែល។

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៦៖ ក្រុមសកម្មប្រយុទ្ធរបស់ Hamas បានចាប់ខ្លួនទាហានអ៉ីស្រាអែលម្នាក់ឈ្មោះ Gilad Shalit នៅក្នុង​ប្រតិបត្តិការវាយឆ្មក់ឆ្លងព្រំដែន ចេញពីតំបន់ Gaza ជាហេតុបង្កឱ្យមានវាយប្រហារការឆ្លើយតបពីអ៉ីស្រាអែល។ ទាហានរូបនោះត្រូវបានដោះលែងវិញ នៅរយៈពេលជាង៥ឆ្នាំក្រោយមក ក្នុងការដោះដូរអ្នកទោស។

ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧៖ ក្រុម Hamas បានឡើងគ្រប់គ្រងតំបន់ Gaza ក្នុងសង្រ្គាមស៉ីវិលរយៈពេលខ្លីមួយ ជាមួយក្រុម Fatah ដែលស្មោះស្ម័គ្រនឹងប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ដែលគ្រប់គ្រងតំបន់ប៉ាឡេស្ទីនមួយទៀតគឺ West Bank។

ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៨៖ អ៉ីស្រាអែលបើកប្រតិបត្តិការយោធា រយៈពេល២២ថ្ងៃ នៅតំបន់ Gaza ក្រោយខាងប៉ាឡេស្ទីនបានបាញ់រ៉ុក្កែត ទៅលើក្រុង Sderot ភាគខាងត្បូងប្រទេសរបស់ខ្លួន។ ជនជាតិប៉ាឡេស្ទីនប្រហែល១,៤០០នាក់ និងជនជាតិអ៉ីស្រាអែលចំនួន១៣នាក់ ត្រូវបានរាយការណ៍ថាស្លាប់ មុនមានការព្រមព្រៀងគ្នាលើបទឈប់បាញ់។

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២៖ អ៉ីស្រាអែលបានសម្លាប់នាយសេនាធិការយោធារបស់ក្រុម ​Hamas លោក Ahmad Jabari។ សម្រាប់រយៈពេល៨ថ្ងៃ ក្រោយកើតមានហេតុការណ៍នោះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់ផ្លោងគ្រាប់រ៉ុក្កែតដាក់អ៉ីស្រាអែល ខណៈខាងអ៉ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាស។

ខែកក្កដា-សីហា ឆ្នាំ២០១៤៖ ការចាប់ជំរិតនិងសម្លាប់ក្មេងជំទង់ជនជាតិអ៉ីស្រាអែល៣នាក់ ដោយក្រុម Hamas បាននាំឱ្យផ្ទុះសង្រ្គាម​រយៈពេល៧សប្តាហ៍រវាងភាគីទាំងពីរ។ អំលុងពេលនោះ ជនជាតិប៉ាឡេស្ទីនដល់ទៅជាង ២,១០០នាក់ ត្រូវបានរាយការណ៍ថាស្លាប់នៅ​តំបន់ Gaza ហើយអ៉ីស្រាអែលបានមើលឃើញ មនុស្ស៧៣នាក់ស្លាប់នៅខាងខ្លួន ក្នុងនោះ៦៧នាក់ជាកងទ័ព។

ខែមីនា ឆ្នាំ២០១៨៖ ការធ្វើបាតុកម្មរបស់ប៉ាឡេស្ទីន បានចាប់ផ្តើមនៅតាមរបងព្រំដែនតំបន់ Gaza ជាប់អ៉ីស្រាអែល។ កងទ័ពអ៉ីស្រាអែល បានសម្រេចបើកបាញ់ប្រហារដើម្បីរារាំងក្រុមបាតុករ។ ជនជាតិប៉ាឡេស្ទីនជាង១៧០នាក់ ត្រូវគេរាយការណ៍ថាបានបាត់បង់ជីវិត អំលុង​ចលនាបាតុកម្មដែលមានរយៈពេលប៉ុន្មានខែ ហើយវាក៏បានបង្កឱ្យមានការប្រយុទ្ធគ្នា រវាងកងកម្លាំងអ៉ីស្រាអែលនិង Hamas ផងដែរ។

ខែឧសភា ឆ្នាំ២០២១៖ ក្រោយមានភាពតានតឹងជាច្រើនសប្តាហ៍នេះ អំលុងខែបួសរ៉ាម៉ាដនរបស់សាសនាអ៉ីស្លាម ជនជាតិប៉ាឡេស្ទីនខ្ទង់​រាប់រយនាក់បានទទួលរងរបួស ក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខអ៉ីស្រាអែល នៅក្នុងបរិវេណព្រះវិហារ Al Aqsa ក្នុងទីក្រុង Jerusalem។

ក្រោយទាមទារឱ្យអ៉ីស្រាអែលដកកងកម្លាំងសន្តិសុខពួកគេ ចេញពីបរិវេណព្រះវិហារខាងលើ ក្រុម Hamas ក៏បានបាញ់ស្រោចរ៉ុក្កែតពី Gaza ទៅលើអ៉ីស្រាអែល។ អ៉ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាសតបតវិញលើតំបន់ Gaza។ ការប្រយុទ្ធគ្នានោះបានប្រព្រឹត្តទៅ​អស់រយៈពេល១១ថ្ងៃ ដោយបានផ្តាច់ជីវិតមនុស្សសរុប២៥០នាក់នៅ Gaza និង១៣នាក់នៅអ៉ីស្រាអែល។

ខែសីហា ឆ្នាំ២០២២៖ មនុស្សយ៉ាងតិច៤៤នាក់ ក្នុងនោះមានកុមារ១៥នាក់បានស្លាប់ ក្នុងអំពើហិង្សារយៈពេល៣ថ្ងៃ ដែលបានចាប់ផ្តើម នៅពេលការវាយប្រហារតាមផ្លូវអាកាស បានត្រូវចំមេបញ្ជាការម្នាក់នៃក្រុម Islamic Jihad ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន​មួយ។ អ៉ីស្រាអែលបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសនោះ គឺជាប្រតិបត្តិការវាយស្កាត់ទុកជាមុន ប្រឆាំងនឹងផែនការវាយប្រហាររបស់​ក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៉ីរ៉ង់មួយនេះ។

អ៉ីស្រាអែលបានអះអាងថា ការវាយប្រហាររបស់ខ្លួនខាងលើ មានគោលដៅចំពោះពួកមេបញ្ជាការ និងកន្លែងស្តុកអាវុធ។ ជាការឆ្លើយតបទៅវិញ ក្រុម Islamic Jihad បានបាញ់រ៉ុក្កែតជាង១,០០០គ្រាប់ សំដៅទៅកាន់អ៉ីស្រាអែល។ យ៉ាងណាមិញ ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៉ីស្រាអែល បានរារាំងមិនឱ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬមនុស្សបាត់បង់ជីវិត។

ខែមករា ឆ្នាំ២០២៣៖ ក្រុម Islamic Jihad នៅតំបន់ Gaza បានបាញ់រ៉ុក្កែតទៅលើអ៉ីស្រាអែល បន្ទាប់ពីកងទ័ពអ៉ីស្រាអែល បានបើក​ប្រតិបត្តិការវាយឆ្មក់លើជំរំជនភៀសខ្លួនមួយកន្លែង ហើយសម្លាប់ខ្មាន់កាំភ្លើងប៉ាឡេស្ទីន៧នាក់ រួមជាមួយជនស៉ីវិល២នាក់។ គ្រាប់រ៉ុក្កែត​របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបង្កឱ្យបន្លឺសំឡេងស៉ីរ៉ែនប្រកាសអាសន្ន នៅតាមសហគមន៍អ៉ីស្រាអែលក្បែរតំបន់ព្រំដែន ប៉ុន្តែមិនបានបង្ក​ឱ្យមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតទេ។ អ៉ីស្រាអែលក៏បានឆ្លើយតបវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាសផងដែរ។

ខែតុលា ឆ្នាំ២០២៣៖ ក្រុម Hamas បានបើកការវាយប្រហារធំបំផុតមិនធ្លាប់ឃើញ ក្នុងរយៈពេលជាច្រើនឆ្នាំទៅលើប្រទេសអ៉ីស្រាអែល ចេញពីតំបន់ Gaza Strip ដោយបានបញ្ជូនក្រុមខ្មាន់កាំភ្លើងរបស់ខ្លួន ឱ្យឆ្លងព្រំដែនចូលទៅវាយប្រហារដល់ដីអ៉ីស្រាអែលយ៉ាងភ្ញាក់ផ្អើល អមជាមួយការបាញ់ស្រោចរ៉ុក្កែតរាប់ពាន់គ្រាប់។ ក្រុម Islamic Jihad បានអះអាងថា ក្រុមអ្នកប្រយុទ្ធរបស់ពួកគេ ក៏បានចូលរួមក្នុង​សកម្មភាពវាយប្រហារនេះផងដែរ។ ខាងយោធាអ៉ីស្រាអែល បាននិយាយថា ខ្លួនកំពុងស្ថិតក្រោមស្ថានភាពត្រៀមធ្វើសង្រ្គាម ដោយបាន​បើកការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ ទៅលើគោលដៅក្រុម Hamas នៅតំបន់ Gaza ហើយក៏បានកោះហៅកងទ័ពបម្រុង​ថែមទៀតផង។ សម្រាប់ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន នាចុងសប្តាហ៍នេះ គឺមនុស្សយ៉ាងតិចប្រហែល៥០០នាក់ហើយបានស្លាប់ និងជាង៣,០០០នាក់រងរបួស ទាំងសងខាង៕

ប្រភពពី Reuters