(ប៉េកាំង)៖ នៅថ្ងៃអាទិត្យនេះ ចិនបាននិយាយថា ខ្លួនមានក្តីបារម្ភយ៉ាងជ្រាលជ្រៅ ដោយសារតែការកើនឡើងខ្លាំងភ្លាមៗនៃអំពើហិង្សារវាង អ៉ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas នាចុងសប្តាហ៍នេះ ហើយបានអំពាវនាវឱ្យភាគីទាំងសងខាង បង្ហាញភាពអត់ធ្មត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣។
ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ចិនមានក្តីបារម្ភយ៉ាងជ្រាលជ្រៅ អំពីស្ថានការណ៍កើនឡើងនាពេលបច្ចុប្បន្ននេះ នៃភាពតានតឹងនិងអំពើហិង្សារវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ ទីក្រុងប៉េកាំងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ព្យាយាមបង្ហាញភាពអត់ធ្មត់និងបញ្ឈប់ការវាយប្រហារដាក់គ្នា ដើម្បីការពារអាយុជីវិតជនស៉ីវិលស្លូតត្រង់ និងទប់ស្កាត់កុំឱ្យស្ថានការណ៍កាន់តែអាក្រក់ជាងនេះទៅទៀត»។
ទីក្រុងប៉េកាំងបានបន្តថា ការប៉ះទង្គិចគ្នាម្តងហើយម្តងទៀតរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ភាពជាប់គាំងអូសបន្លាយ នៃដំណើរការស្វែងរកសន្តិភាព គឺមិនមាននិរន្តរភាពឡើយ ហើយមធ្យោបាយចម្បងដើម្បីងើបចេញពី បញ្ហវិវាទរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន គឺស្ថិតទៅលើការអនុវត្ត «ដំណោះស្រាយរដ្ឋពីរ» និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។
ជាចុងក្រោយ ចិនបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ខ្នះខ្នែងជាងមុនបង្កើនការចូលរួម ក្នុងកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប៉ាឡេស្ទីន លើកកម្ពស់ការបន្តកិច្ចចរចាសន្តិភាពឱ្យបានឆាប់ រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន ហើយរិះរកមធ្យោបាយសម្រាប់សន្តិភាពមួយ ដែលអាចនៅគង់វង្សយូរអង្វែង។
គួរបញ្ជាក់ថា បើតាមយោធាអ៉ីស្រាអែល មនុស្សជាង២០០នាក់បានស្លាប់នៅប្រទេសអ៉ីស្រាអែល ក្រោយការវាយប្រហារទ្រង់ទ្រាយធំយ៉ាងភ្ញាក់ផ្អើល កាលពីថ្ងៃសៅរ៍ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas។ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាថា នឹងកម្ទេចកន្លែងលាក់ខ្លួនទាំងអស់របស់ក្រុម Hamas នៅតំបន់ Gaza ឱ្យរលាយខ្ទេចខ្ទី ខណៈបើតាមក្រុមមន្រ្តីនៅ Gaza ការវាយប្រហារសងសឹកតាមផ្លូវអាកាសយ៉ាងសម្បើមរបស់អ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច២៣២នាក់។ វាគឺជាការកើនឡើងអំពើហិង្សាដ៏បង្ហូរឈាមបំផុត នៃជម្លោះរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន គិតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ៕
រូបភាពពី Reuters