(ហ្សេរុយសាឡឹម)៖ យោធាអ៉ីស្រាអែល បានឱ្យដឹងថា មនុស្សយ៉ាងហោចជាង២០០នាក់បានស្លាប់ ក្នុងការឆ្មក់វាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញានឹងធ្វើការសងសឹកយ៉ាងចាស់ដៃទៅវិញ ដោយនឹងកម្ទេចកន្លែងលាក់ខ្លួននានារបស់ក្រុម Hamas នៅតំបន់ Gaza Strip ឱ្យក្លាយទៅជាផេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣។
រីឯខាងក្រុមមន្រ្តីនៅ Gaza វិញ បានអះអាងថា ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលទៅលើតំបន់របស់ខ្លួន ក៏បានផ្តាច់ជីវិតមនុស្សយ៉ាងតិច២៣២នាក់ផងដែរ ខណៈជិត១,៧០០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីក្រុម Hamas បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយបញ្ជូនជនសកម្មប្រយុទ្ធរបស់ខ្លួន ឆ្លងព្រំដែនដើម្បីវាយប្រហារអ៉ីស្រាអែលដោយផ្ទាល់ ព្រមទាំងចាប់មនុស្សជាច្រើនយកធ្វើជាចំណាប់ខ្មាំង។ វាគឺជាការកើនឡើងភាពតានតឹងដ៏បង្អូរឈាមបំផុត នៃបញ្ហាវិវាទរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន គិតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
គួរបញ្ជាក់ថា ក្រុមលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានចេញមុខថ្កោលទោសធ្ងន់ៗចំពោះ ការវាយប្រហាររបស់ក្រុម Hamas ហើយគាំទ្រសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល។ នៅថ្ងៃអាទិត្យសប្តាហ៍នេះ (ពេលវេលានៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ នឹងកោះប្រជុំគ្នាបន្ទាន់ ដើម្បីជជែកអំពីស្ថានការណ៍ខាងលើ៕
រូបភាពពី Reuters