(ឡុងដ៏)៖ រដ្ឋមន្រ្តីការបរទេស លោក ជេមស៍ ក្លេវើលី (James Cleverly) បាននិយាយថា ចក្រភពអង់គ្លេស «ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលពីសំណាក់ក្រុមប៉ាឡេស្ទីនហាម៉ាស់ ទៅលើអ៉ីស្រាអែលនៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។
លោក ក្លេវើលី បានលើកឡើងតាមបណ្តាញសង្គម យ៉ាងដូច្នេះថា «ចក្រភពអង់គ្លេសគាំទ្រសិទ្ធិរបស់អ៉ីស្រាអែលក្នុងការការពារខ្លួនជានិច្ច ហើយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដ៏រន្ធត់របស់ក្រុមហាម៉ាស់លើជនស៉ីវិលអ៉ីស្រាអែល»។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ក៏បានគូសបញ្ជាក់ថា «យើងកំពុងទាក់ទងជាមួយអាជ្ញាធរអ៉ីស្រាអែល ហើយពលរដ្ឋអង់គ្លេសនៅអ៉ីស្រាអែលគួរតែស្តាប់តាមការណែនាំអំពីការធ្វើដំណើរ»។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ (Hamas) បានបញ្ជូនក្រុមអ្នកប្រយុទ្ធឆ្លងដែនចូលទៅក្នុងទឹកដីអ៉ីស្រាអែល និងបាញ់ស្រោចគ្រាប់រ៉ុក្កែតចេញពីតំបន់ហ្កាហ្សា (Gaza)។ ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ក៏បានចេញមុខទទួលខុសត្រូវផងដែរ ដោយបញ្ជាក់ថាកងកម្លាំងរបស់ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតជាង ៥,០០០គ្រាប់លើអ៉ីស្រាអែល។
អ៉ីស្រាអែល ប្រកាសសង្រ្គាម ក្រោយការបាញ់ស្រោចគ្រាប់រ៉ុក្កែត ពីក្រុមហាម៉ាស់។ ប្រទេសជាច្រើនរួមមាន បារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប រួមទាំងអ៊ុយក្រែន ក៏បានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ លើអ៉ីស្រាអែល ហើយថាគាំទ្រដល់សិទ្ធិស្វ័យការពារខ្លួនរបស់អ៉ីស្រាអែល ស្របពេលសហរដ្ឋអាមេរិកអះអាងថាខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់៕
រូបភាពពី Reuter