(កាប៊ុល)៖ ទីភ្នាក់ងារភូមិវិទ្យាសហរដ្ឋអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារលើភាគខាងលិចប្រទេសអាហ្វហ្កានីស្ថាន នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែតុលានេះ (ម៉ោងក្នុងតំបន់) ដោយមានចំណុចកណ្ដាលនៅក្បែរទីក្រុង Herat។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាម USGS គ្រោះរញ្ជួយដីខាងលើមានចំណុចកណ្ដាលស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុង Herat ហើយបន្ទាប់ពីគ្រោះរញ្ជួយដីនេះក៏មាន រំញ័រមួយផ្សេងទៀតកម្រិត ៥.៥រ៉ិចទ័រផងដែរ។ អ្នកយកព័ត៌មាន AFP ម្នាក់ នៅក្នុងទីក្រុងនេះបាននិយាយថាមនុស្សម្នាជាច្រើនបាននាំគ្នារត់ចេញពីអគារនៅពេល មានរញ្ជួយដី នៅម៉ោងប្រហែល ១១ព្រឹក ហើយមនុស្សយ៉ាងហោចម្នាក់បានស្លាប់។

គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០២២ មនុស្សជាង ១,០០០នាក់ បានស្លាប់ និងរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ វាយប្រហារលើប្រទេសអាហ្វហ្កានីស្ថាន៕