(ហ្កាហ្សា, ប៉ាឡេស្ទីន)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី៧ ខែតុលានេះបាននិយាយថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានចាប់ផ្ដើមធ្វើសង្រ្គាម ប្រឆាំងនឹងអ៉ីស្រាអែល បន្ទាប់ពីការបាញ់ស្រោចគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ និងក្រុមសកម្មប្រយុទ្ធមកពីតំបន់ហ្កាហ្សា ឆ្លងដែនចូលវាយប្រហារក្នុងទឹកដីអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អំពើហិង្សារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយចំនួនអ្នកស្លាប់ និងរងរបួសក្នុងតំបន់វែស ប៊េង (West Bank) ហក់ឡើងខ្ពស់មិនធ្លាប់បានឃើញ។ បើតាមក្រុមមន្ត្រីអ៉ីស្រាអែល មនុស្សយ៉ាងហោច ២នាក់បានស្លាប់ នៅក្នុងការវាយប្រហារពីសំណាក់ ក្រុមហាម៉ាស់លើអ៉ីស្រាអែល។ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant ក៏បាននិយាយដែរថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់បានចាប់ផ្ដើមធ្វើ សង្រ្គាមប្រឆាំងនឹងអ៉ីស្រាអែល។ «កងទ័ពកំពុងប្រយុទ្ធប្រឆាំងនឹងសត្រូវនៅតាមទីតាំងជាច្រើន... ហើយអ៉ីស្រាអែលនឹងឈ្នះក្នុងសង្រ្គាមមួយនេះ»។ នេះជា ការលើកឡើងរបស់លោក Gallant។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ (Hamas) បានបើកប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលមួយប្រឆាំងនឹងអ៉ីស្រាអែល នៅថ្ងៃសៅរ៍នេះ តាមរយៈ ការបញ្ជូនក្រុមអ្នកប្រយុទ្ធឆ្លងដែនចូលទៅក្នុងទឹកដីអ៉ីស្រាអែល និងការបាញ់ស្រោចគ្រាប់រ៉ុក្កែតចេញពីតំបន់ហ្កាហ្សា Gaza។ ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ក៏បានចេញមុខទទួលខុសត្រូវផងដែរ ដោយបញ្ជាក់ថាកងកម្លាំងរបស់ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតជាង ៥,០០០គ្រាប់លើអ៉ីស្រាអែល។ «យើងបានសម្រេចចិត្ត ថានឹងបិទបញ្ចប់រាល់ទង្វើឧក្រិដ្ឋរបស់ពួកអាណានិគម (អ៉ីស្រាអែល) ... យើងបានប្រកាសពីការបើកប្រតិបត្តិការ អាល់អឹក ស ហ្លាត់(Al-Aqsa Flood) ជាមួយការបាញ់គ្រាប់រ៉ុក្កែតជុំដំបូងជាង ៥,០០០គ្រាប់ ក្នុងពេល២០នាទី»។ ជាការបញ្ជាក់របស់ក្រុមហាម៉ាស់។

នៅថ្ងៃសៅរ៍នេះដែរ ប្រទេសជាច្រើនរួមមានបារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប រួមទាំងអ៊ុយក្រែនបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ លើអ៉ីស្រាអែល ហើយថាគាំទ្រដល់សិទ្ធិស្វ័យការពារខ្លួនរបស់អ៉ីស្រាអែល ស្របពេលសហរដ្ឋអាមេរិកអះអាងថាខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់៕

រូបភាពពី AFP