(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក​ ចូ បៃដិន បាននិយាយថាវាមានលទ្ធភាពអាចទៅរួចថាលោកនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅឯកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង San Francisco នៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។

លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសេតវិមាន កំពុងដំណើរការផែនការរៀបចំជំនួបជាមួយលោក ស៊ី ជិនពីង។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «វាមិនធ្លាប់មានកិច្ចប្រជុំរបៀបនេះកើតឡើង នោះទេ ប៉ុន្តែវាមានលទ្ធភាពអាចទៅរួច»។

គួរបញ្ជាក់ថា លោក ចូ បៃដិន និងលោក ស៊ី ជិនពីង មិនបានជួប ឬនិយាយជាមួយគ្នាឡើយ ចាប់តាំងពីមេដឹកនាំទាំង២ បានជួបមុខគ្នាដោយផ្ទាល់ លើកចុងក្រោយបំផុត នៅឯកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ កាសែត Washington Post ដោយទទួលបានប្រភពពីក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ថាសេតវិមានបានចាប់ផ្ដើម បង្កើតផែនការ ដើម្បីរៀបចំជំនួបទល់មុខរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងទីក្រុង San Francisco ​នៅខែវិច្ឆិកាខាងមុខ។ តែខាងចិនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ៕

រូបភាពពី AFP