(អូតាវ៉ា)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសកាណាដា បាននិយាយថាមនុស្ស ៣នាក់បានស្លាប់ បន្ទាប់ពីយន្ដហោះធុនតូចមួយគ្រឿងរបស់ពួកគេបានធ្លាក់ នៅឯ ទីក្រុង Chilliwack ស្ថិតក្នុងខេត្ត British Columbia កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។

យន្ដហោះធុនតូចខាងលើគឺជាប្រភេទយន្ដហោះ Piper PA-34 Seneca ប្រើម៉ាស៊ីន២ ហើយយន្ដហោះនេះបានធ្លាក់ទៅបុកដើមឈើស្ថិតនៅខាងក្រោយ ផ្ទះសំណាក់មួយ នៅក្បែរអាកាសយានដ្ឋានក្នុងតំបន់។ Chilliwack គឺជាទីក្រុងមួយស្ថិតនៅចម្ងាយ ១០០គីឡូម៉ែត្រពីភាគខាងកើតនៃទីក្រុង Vancouver។ ចំណែក មនុស្ស ៣នាក់ដែលស្ថិតនៅលើយន្ដហោះនេះ ក្នុងនោះរួមមានពីឡុតម្នាក់ បានស្លាប់ ខណៈខាងអាជ្ញាធរបានជូនដំណឹងទៅកាន់ ក្រុមគ្រួសារសាច់ញាតិរបស់ពួកគេហើយ។

ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យយន្ដហោះនេះធ្លាក់នៅឡើយ ហើយក៏មិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួសផ្សេងទៀត នោះដែរ៕