(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនេះ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ ដើម្បីប្រកាសពី «កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយវៀតណាម មានអ្នកអត្ថាធិប្បាយជាច្រើនបានចាត់ទុកថាកិច្ចព្រមព្រៀងនេះគឺជាចំណុចរបត់ជាប្រវត្តិសាស្ត្រ មួយនៅក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក និងវៀតណាម។ ការដំឡើងទំនាក់ទំនងនេះកើតមានឡើងចំពេលរដ្ឋបាលលោក ចូ បៃដិន កំពុងស្វះស្វែងអូសទាញវៀតណាម ឱ្យចូលរួមក្នុង «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក» របស់ខ្លួនដើម្បីទប់ទល់ជាមួយចិន ហើយវៀតណាមខ្លួនឯងក៏កាន់តែព្រួយបារម្ភដែរពីការកើនឡើងនូវការទាមទាររបស់ចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង និងនៅតាមបណ្ដោយដងទន្លេមេគង្គ។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា ក្រុមអ្នកវិភាគខ្លះមើលឃើញថាវៀតណាមអាចនឹងនៅតែព្យាយាមអនុវត្ត នយោបាយរក្សាតុល្យភាព ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ដែលនេះមានន័យថាភាពជាដៃគូជាមួយសហរដ្ឋអាមេរិក នឹងមានព្រំដែនកំណត់មួយចំនួន។ ចុះបើដូច្នេះថា តើវៀតណាម អាចជួយសហរដ្ឋអាមេរិក ប្រជែងជាមួយចិនបានដែរឬទេ?

​* នយោបាយ «គ្មាន ៤»
នៅបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ក្នុងទីក្រុងហាណូយ កាលពីខែកញ្ញាកន្លងទៅ ទីក្រុងវ៉ាស៊ីនតោនអាចនឹងបានឃើញឆាប់ៗខាងមុខនេះពីដែនកំណត់ មួយចំនួននៃភាពជាដៃគូថ្មីជាមួយវៀតណាម។ ហាណូយនឹងមានការស្ទាក់ស្ទើរ ឬក៏នឹងមិនដើរទៅឆ្ងាយលើសពីអ្វីដែលខ្លួនបានចូលរួមរួចទៅហើយ ជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់ជាមួយចិននោះទេ។ សម្រាប់ហាណូយ ការដំឡើងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វាជាសារមួយបញ្ជូនទៅ ចិនបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម ជាជាងការបង្កើតក្របខណ្ឌជាក់លាក់មួយពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយវ៉ាស៊ីនតោន។​ ការបង្កើតឡើងភាពជាដៃគូយុទ្ធសាស្ត្របានបង្ហាញយ៉ាងសាមញ្ញថាវៀតណាម និងប្រទេសដៃគូចូលរួមចំណែកនឹងគ្នា នូវអ្វីដែលអ្នកវិភាគគោលនយោបាយវៀតណាម ហៅថា «ផលប្រយោជន៍ទៅវិញទៅមកយូរអង្វែង» និងមិនចាំបាច់ត្រូវជាប់ពាក់ព័ន្ធជាមួយការទិញអាវុធថ្មីៗ ឬទម្រង់បន្ថែមនៃកិច្ចសហប្រតិបត្តិការសន្តិសុខរួមនោះទេ។ ចូរកុំភ្លេចថា ក្រៅតែពីសហរដ្ឋអាមេរិក វៀតណាមក៏បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយចិន ឥណ្ឌា រុស្ស៉ី និងកូរ៉េខាងត្បូងផងដែរ។

ការសម្រេចចិត្តរបស់វៀតណាម ក្នុងការដំឡើងភាពជាដៃគូជាមួយសហរដ្ឋអាមេរិក គឺដើរស្របគ្នាទៅនឹង «នយោបាយការទូតដើមឬស្សី ឬ Bamboo Diplomacy»។ ត្រូវបាន បង្កើតឡើងដោយអគ្គលេខាធិការបក្សកម្មុយនិស្ដវៀតណាម លោក Nguyen Phu Trong ក្នុងឆ្នាំ២០១៦ នយោបាយការទូតដើមឬស្សីនេះត្រូវមានឬសគល់រឹងមាំ ប៉ុន្តែមានភាព បត់បែន និងភាពធន់ទៅនឹងនយោបាយអន្តរជាតិ។ ពោលគឺអនុញ្ញាតឱ្យវៀតណាម អាចរាប់រកជាមួយពួកមហាអំណាច ដោយមិនធ្វើឱ្យខូចខាត ឬប៉ះពាល់ដល់អធិបតេយ្យ និងឯករាជ្យភាពរបស់ខ្លួន។ ជាឧទាហរណ៍ ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេសមក ហាណូយបានប្រើប្រាស់នយោបាយការទូតដើមឬស្សី នេះដើម្បីការពារថែរក្សាទំនាក់ទំនងជាមួយមូស្គូផង ជាមួយកៀវផង និងថែមទាំងជាមួយលោកខាងលិចផង។ ទោះជាវៀតណាមបានបោះឆ្នោតប្រឆាំង ឬអនុប្បវាទថ្កោលទោសរុស្ស៉ី នៅឯអង្គការសហប្រជាជាតិ (UN) ពិតមែន តែបេសកជនវៀតណាមប្រចាំ UN ធ្លាប់បានរិះគន់ដោយប្រយោលលើអាកប្បកិរិយារបស់រុស្ស៉ី ដោយលើកឡើងពីនយោបាយចាស់គំរិល នៃអំណាចនយោបាយ មហិច្ឆតាគ្រប់គ្រងលើអ្នកដទៃ និងការប្រើប្រាស់កម្លាំងបាយនៅក្នុងការដោះស្រាយជម្លោះអន្តរជាតិ។ វៀតណាមក៏បានសន្យាផ្ដល់ជំនួយមនុស្សធម៌ ៥០០,០០០ដុល្លារ ដល់ប្រជាជនអ៊ុយក្រែនផងដែរ។

មិនតែប៉ុណ្ណោះ បើតាមអត្ថបទមួយចេញផ្សាយដោយកាសែតអាមេរិក New York Times កាលពីពេលថ្មីៗនេះ វៀតណាមបានចុះកិច្ចព្រមព្រៀងជាសម្ងាត់ដើម្បីទិញអាវុធបន្ថែមពី រុស្ស៉ី ទាំងដែលដឹងថាការធ្វើដូច្នេះ គឺផ្ទុយពីនយោបាយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការទិញអាវុធពីសត្រូវរបស់ខ្លួនក៏ដោយ។ នេះបង្ហាញបានយ៉ាងច្បាស់ថា «នយោបាយការបរទេសវៀតណាម» គឺផ្តោតតែទៅលើការធ្វើយ៉ាងណាអាចការពារផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ។ នយោបាយការទូតដើមឬស្សី មានប្រភពចេញមកពី បរាជ័យរបស់វៀតណាម ក្នុងការចុះសន្ធិសញ្ញាជាសម្ព័ន្ធមិត្តជាមួយសូវៀត កាលពីសម័យសង្រ្គាមត្រជាក់។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលមូស្គូ និងប៉េកាំងយល់ព្រមស្ដារ ទំនាក់ទំនងទ្វេភាគីឱ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ សហភាពសូវៀតបានកាត់បន្ថយការគាំទ្ររបស់ខ្លួនចំពោះវៀតណាម។ ចាប់ពីពេលនោះមកដែរ ថ្នាក់ដឹកនាំវៀតណាម បានសន្យាថានឹងមិនចុះចូល ឬឈរនៅខាងរដ្ឋាភិបាលបរទេសណាមួយជាថ្មីម្ដងទៀតឡើយ ​ហើយអ្វីដែលបានបង្ហាញពីការសន្យានេះ នោះគឺនយោបាយការពារជាតិវៀតណាម ឬដែលគេស្គាល់ថា «គ្មាន ៤» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨។ ពោល «គ្មានសម្ព័ន្ធភាពយោធា គ្មានមូលដ្ឋានទ័ពបរទេសលើទឹកដីវៀតណាម គ្មានការរួមដៃជាមួយប្រទេសទី២ ដើម្បីប្រឆាំងនឹងប្រទេសទី៣ ហើយរហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបគ្មានទី៤ ត្រូវបានបញ្ចូលបន្ថែម នោះគឺគ្មានការប្រើប្រាស់កម្លាំង ឬគំរាមប្រើកម្លាំងបាយនៅក្នុង ទំនាក់ទំនងអន្តរជាតិ»។

* ​ឈីប តែមិនមែនកងទ័ព
បញ្ហាប្រឈមសម្រាប់ទីក្រុងវ៉ាស៊ីនតោន នោះគឺការស្វែងរកមធ្យោបាយ ដើម្បីធ្វើការឱ្យស៊ីគ្នាទៅនឹង «នយោបាយគ្មាន ៤របស់វៀតណាម» សំដៅធ្វើឱ្យការដំឡើងភាពជាដៃគូមាន ប្រសិទ្ធភាពក្នុងការទប់ទល់ជាមួយចិន។ ក្នុងនាមជាភាគីមួយ នៅក្នុងចំណោមភាគីជម្លោះនៃសមុទ្រចិនខាងត្បូងជាមួយចិន វៀតណាមអាចផ្ដល់ឱ្យសហរដ្ឋអាមេរិក នូវទីតាំងភូមិសាស្ត្រល្អប្រសើរមួយ ក្នុងករណីដែលជម្លោះជាមួយចិនផ្ទុះឡើង។ តែ ការដែលចង់ឱ្យហាណូយអនុញ្ញាតឱ្យយោធាអាមេរិកដាក់មូលដ្ឋានទ័ពនៅវៀតណាមដូចនៅ កូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលី គឺប្រហែលជាមិនអាចទៅរួចឡើយ ហើយវាក៏នឹងមិនអាចទៅរួចនោះដែរ ដែលវៀតណាមនឹងបើកដៃឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយកងទ័ព ប្ដូរវេនគ្នានៅលើទឹកដីរបស់ខ្លួន ដូចសហរដ្ឋអាមេរិកធ្វើជាមួយហ្វីលីពីន។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិកក៏នឹងពិបាកផងដែរក្នុងការបញ្ចុះបញ្ចូលឱ្យវៀតណាម ចូលរួមក្នុង ការធ្វើសមយុទ្ធយោធារួមគ្នា មិនថានៅក្នុងតំបន់សមុទ្រចិនខាងត្បូង ឬនៅកន្លែងណាមួយផ្សេងនោះទេ ក៏ព្រោះតែនយោបាយវៀតណាមហាមឃាត់ការធ្វើកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសមួយ ប្រឆាំងនឹងប្រទេសផ្សេងមួយទៀតនោះទេ។

តែទោះជាបែបនេះក្ដី ភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងវៀតណាម បានផ្ដល់ឱកាសជាច្រើនទៀតដើម្បីពង្រីក និងពង្រឹកកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យ កាន់តែស៊ីជម្រៅ។ ជាឧទាហរណ៍ វ៉ាស៊ីនតោន បាន និងកំពុងធ្វើការរួចទៅហើយជាមួយវៀតណាម ក្នុងការពង្រឹងសមត្ថភាពយល់ដឹងពីដែនសមុទ្ររបស់វៀតណាម សំដៅធ្វើ ឱ្យប្រសើរឡើងនូវការចាប់សញ្ញា និងតាមដានសកម្មភាពរបស់ចិនក្នុងតំបន់សមុទ្រចិនខាងត្បូង។ សហរដ្ឋអាមេរិកអាចនឹងលក់យន្ដហោះដ្រូនស៊ើបការណ៍ទំនើបៗបន្ថែម និងអាចធ្វើកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាទីអវកាសដែលអាចផ្ដល់នូវការពង្រឹងការយល់ដឹងបន្ថែមពីអ្វីដែលកំពុងកើតឡើងក្នុងតំបន់។ វៀតណាម និងសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងមួយស្ដីពីការពង្រឹងការចែករំលែកព័ត៌មានយោធា និងស៊ើបការណ៍សម្ងាត់ អំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក្នុងប្រទេសវៀតណាម កាលពីខែកក្កដា ឆ្នាំ២០២១។ ដូច្នេះបន្ទាប់ពីមានភាពជាដៃគូយុទ្ធសាស្ត្រថ្មី កិច្ចព្រមព្រៀងនេះទំនងជាអាចនឹងរួមបញ្ចូលការចែករំលែកព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងចិន។

នៅក្នុងសេចក្ដីប្រកាសរួមមួយនៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថ្មី លោក ចូ បៃដិន និងលោក Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ផងដែរពីភាពចាំបាច់គាំទ្រ ដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃ «ឧស្សាកម្មបន្ទះឈីប» របស់វៀតណាម និងដើម្បីពង្រឹងជំហររបស់វៀតណាមនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ឈីបសកល។ ការលើកឡើងពីការ ជួយពង្រឹងឧស្សាហកម្មឈីបនេះអាចបង្ហាញបានថាសហរដ្ឋអាមេរិកសង្ឃឹមថាអាចនឹងបញ្ចូលវៀតណាម ទៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងបង្វែរខ្សែចង្វាក់ផ្គត់ផ្គង់ឈីបសកល ដ៏សំខាន់នេះចេញឱ្យឆ្ងាយពីចិន។ ជារង្វាន់ត្រឡប់ទៅវិញ សហរដ្ឋអាមេរិកបានផ្ដល់ឱ្យវៀតណាមនូវកិច្ចសហប្រតិបត្តិការលើ «នវានុវត្តន៍បច្ចេកវិទ្យា ព្រមទាំងការបង្កើនការវិនិយោគ ក្នុងវិស័យយុទ្ធសាស្ត្រដូចជាថាមពលកកើតឡើងវិញជាដើម។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់វៀតណាម ក្នុងការដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក វាបានបង្ហាញពីការកើនឡើង នៃការព្រួយបារម្ភរបស់ទីក្រុងហាណូយ ចំពោះការការឡើងការទាមទាររបស់ចិនក្នុងតំបន់សមុទ្រចិនខាងត្បូង។ ដូច្នេះប្រសិនបើចិនកាន់តែបង្កើនការទាមទារ នោះវាក៏កាន់តែ នឹងបង្កើតឱកាសថ្មីៗសម្រាប់ឱ្យហាណូយពង្រឹងទំនាក់ទំនងជាមួយវ៉ាស៊ីនតោន ដូចគ្នាដែរ៕