(មូស្គូ)៖ មន្ត្រីក្នុងតំបន់បាននិយាយថា រុស្សីបានបើកការវាយប្រហារថ្មីមួយទៀត លើទីក្រុង Kharkiv នៅថ្ងៃសុក្រនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់ ក្នុងនោះរួមមានទាំងកុមារអាយុ ១០ឆ្នាំម្នាក់ផងដែរ ខណៈដែលតំបន់ភាគឦសានរបស់ប្រទេសអ៊ុយក្រែន បានប្រកាសកាន់ទុក្ខមនុស្សរាប់សិបនាក់ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលលើភូមិ Horuzha កាលពីមួយថ្ងៃមុននេះ នៅក្នុងការវាយប្រហារដ៏សាហាវបំផុតមួយទៅលើជនស៊ីវិលក្នុងសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែតុលា​ ឆ្នាំ២០២៣។

អភិបាលក្រុង Kharkiv លោក Ihor Terekhov បានគូសបញ្ជាក់ថា អ្នកស្លាប់ទាំងពីរនាក់ខាងលើ មានក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់ និងជីដូនរបស់គាត់ម្នាក់អាយុ ៦៨ ឆ្នាំ ខណៈមនុស្ស ២៨ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារខាងលើ។

លោក Terekhov បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Telegram ដូច្នេះថា «កុមារ (ជនរងគ្រោះ) ត្រូវបានគេរកឃើញនៅក្រោមគំនរបាក់បែក នៃអគារផ្ទះល្វែងមួយ។ ជាអកុសលគាត់បានស្លាប់បាត់ទៅហើយ។ សូមចូលរួមរំលែកទុក្ខដល់ឪពុកម្តាយ និងសាច់ញាតិរបស់គាត់ផង»។

យោងតាមលទ្ធផលបឋម មីស៊ីល Iskander ចំនួនពីរគ្រាប់ បានវាយប្រហារលើសង្កាត់ Kyiv និង Usnovyan នៃទីក្រុង Kharkiv ដែលជាទីក្រុងដែលមានប្រជាជនចំនួន ១.៤ លាននាក់។

គួរបញ្ជាក់ថា ការវាយប្រហារចុងក្រោយនេះ បានកើតឡើងនៅពេលដែល តំបន់ភាគឦសានរបស់ប្រទេសអ៊ុយក្រែនបានប្រកាសកាន់ទុក្ខ​រយៈពេលបីថ្ងៃ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍កន្លងផុតមួយថ្ងៃនេះ ដែលបានបំផ្លាញហាងកាហ្វេមួយក្នុងភូមិ Hroza ស្ថិតនៅចម្ងាយប្រហែល ៨៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Kharkiv ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥១ នាក់រួមទាំងកុមារផងដែរ៕

រូបភាពពី Reuters