(ញូវដេលី)៖ អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤០ នាក់បានស្លាប់ បន្ទាប់ពីបឹងទឹកកកមួយបានបាក់ច្រាំង និងបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗនៅសប្តាហ៍នេះនៅតំបន់ហិម៉ាឡៃយ៉ា នៃប្រទេសឥណ្ឌា ខណៈដែលក្រុមអ្នកជួយសង្គ្រោះនៅបន្តស្វែងរកមនុស្សរាប់សិបនាក់ ដែលកំពុងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។
បឹង Lunak ក្នុងរដ្ឋ Sikkim ដែលមានភ្នំភ្លើងបានជន់លិចកាលពីថ្ងៃពុធ ដោយបណ្តាលឱ្យមានទឹកជំនន់ដ៏ធំ ខណៈអាជ្ញាធរបានឱ្យដឹងថា វាបានបង្កផលប៉ះពាល់ដល់មនុស្សប្រមាណ ២២,០០០នាក់។
គួរបញ្ជាក់ថា វាជាព្រឹត្តិការណ៍អាកាសធាតុដ៏សាហាវចុងក្រោយបង្អស់នៅតំបន់ភ្នំនៅអាស៊ីខាងត្បូង ដែលត្រូវបានស្តីបន្ទោសចំពោះការប្រែប្រួលអាកាសធាតុ។
មន្ត្រីនៅក្នុងរដ្ឋ Sikkim បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨ នាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ដោយឡែកមន្ត្រីនៃរដ្ឋ West Bengal ជិតខាងគ្នានោះ ដែលមានទីតាំងនៅមាត់ទន្លេបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ក្រុមជួយសង្គ្រោះបន្ទាន់បានរកឃើញសាកសពចំនួន ២២ នាក់ផ្សេងទៀតដែលត្រូវបានទឹកនាំទៅ។
កងទ័ពឥណ្ឌាបាននិយាយថា ខ្លួនគ្រោងនឹងជម្លៀសអ្នកទេសចរជិត ១,៥០០ នាក់ដែលជាប់គាំងដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ ខណៈដែលអាកាសធាតុមានភាពប្រសើរឡើងនៅក្នុងតំបន់នេះ៕
រូបភាពពី AFP