(មូស្គូ)៖ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Shoigu បានអំពាវនាវឱ្យយន្តហោះចម្បាំង-ទម្លាក់គ្រាប់បែក Su-34 ច្រើនបន្ថែមទៀត ត្រូវបានផលិតឡើង ស្របពេលដែលទីក្រុងមូស្គូ កំពុងបន្តសង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ កញ្ញា ឆ្នាំ២០២៣។

អំលុងការបំពេញទស្សនកិច្ច នៅរោងចក្រផលិតយន្តហោះមួយកន្លែង ក្នុងទីក្រុង Novosibirsk នៃតំបន់ស៉ីបេរីរបស់រុស្ស៉ី លោក Shoigu បានលើកឡើងថា ប្រភេទយន្តហោះខាងលើ អាចបំពេញប្រតិបត្តិការបានច្រើន ហើយពួកវាអាចធ្វើការហោះហើរបានចន្លោះពី៤ ទៅ៥លើក ក្នុងមួយថ្ងៃ ដែលជាហេតុនាំឱ្យវាជារឿងចាំបាច់ ក្នុងការបង្កើននិងពន្លឿនដំណើរការផលិតយន្តហោះទាំងនេះ។ បើតាមសម្តីរបស់លោក Shoigu ក្រសួងការពារជាតិរុស្ស៉ី បានចេញការបង្គាប់រួចរាល់ហើយឱ្យរោងចក្រខាងលើ ប្រឹងប្រែងពន្លឿនការផលិតក៏ដូចជាការងារជួសជុល យន្តហោះ Su-34 ដោយសារ​ពួកវាគឺជាអាវុធដែលកំពុងត្រូវការជាចាំបាច់។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ វិមានក្រឹមឡាំងទើបតែបានប្រកាសពីការបង្កើនថវិកាការពារជាតិយ៉ាងច្រើន ដើម្បីបំពេញតាមតម្រូវការ​ផ្នែកយោធារបស់ខ្លួននៅអ៊ុយក្រែន ខណៈដែលសង្រ្គាមឈ្លានពានរបស់រុស្ស៉ី កំពុងបន្តរំកិលឆ្ពោះទៅរកខួបរយៈពេល២ឆ្នាំ។ ទីក្រុងមូស្គូបាន​បង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងអត្រាដល់ទៅ៦៨ភាគរយ សម្រាប់ឆ្នាំ២០២៤ ដែលសរុបស្មើនឹង៦ភាគរយនៃ GDP របស់ប្រទេសរុស្ស៉ី ហើយវាច្រើនដាច់ឆ្ងាយជាង ការចំណាយសរុបទៅលើគោលនយោបាយផ្នែកសង្គម៕

">

រូបភាពពី Sputnik