(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣នេះ ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា ក្រុមមន្រ្តីចិននិងវៀតណាម កំពុងតែ​ត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ទៅកាន់ទីក្រុងហាណូយ ដែលអាចកើតឡើងនៅអំលុងចុងខែ​តុលា ឬមួយក៏នៅខ្ទង់ដើមខែវិច្ឆិកា ខាងមុខ។

ដំណើរទស្សនកិច្ចខាងលើបើជាការពិតនឹងគូសរំលេចឱ្យឃើញ នូវការរីកកាន់តែធំឡើងនៃសារសំខាន់ផ្នែកយុទ្ធសាស្រ្តរបស់ប្រទេសវៀតណាម ស្របពេល​ដែលមហាអំណាច កំពុងតែខិតខំប្រជែងឥទ្ធិពលគ្នានៅក្នុងតំបន់ ចំពោះមុខការកើនឡើងនៃភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន។ ប្រទេសអាស៊ានមួយនេះ ត្រូវគេមើលឃើញថា កាន់តែមានសារសំខាន់ខ្លាំងទៅៗ សម្រាប់កំពូលមហាអំណាចទាំងពីរ ខណៈវៀតណាមកំពុង​ព្យាយាមពង្រីកតួនាទីរបស់ខ្លួន នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល ដោយនាំចូលសមាសធាតុផ្សំឧស្សាហកម្មពីចិន ដែលខ្លួនដំឡើងមុននាំចេញ​ផលិតផលសម្រេច ទៅកាន់សហរដ្ឋអាមេរិក ឬក៏អឺរ៉ុប។

កាលពីខែកញ្ញា ទីក្រុងវ៉ាស៉ីនតោន ទីបំផុតបានដំឡើងទំនាក់ទំនងជាមួយទីក្រុងហាណូយ ដោយបានលើកសហរដ្ឋអាមេរិកដល់ឋានៈកំពូលស្មើគ្នាជាមួយចិន នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានប្រឹងប្រែងជំរុញកិច្ចប្រឹងប្រែងការទូតជាយូរដែរមកហើយ។ នៅក្នុង​ខែដដែលនោះ គឺប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទៅបំពេញទស្សនកិច្ចនៅវៀតណាម។ ដោយឡែក យោងតាមទិន្នន័យរបស់​រដ្ឋាភិបាលវៀតណាម ចិនគឺជាអ្នកវិនិយោគធំបំផុតរបស់ប្រទេសអាស៊ានមួយនេះ ដែលបានប្តេជ្ញាចំណាយថវិកាជិត៣ពាន់លានដុល្លារនៅ​វៀតណាម ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៣នេះ ដែលជាចំនួនលើសសហរដ្ឋអាមេរិកដល់ទៅ៦ដង ហើយស្ថិតនៅលំដាប់ទី២ បន្ទាប់ពីសិង្ហបុរី។

គួរបញ្ជាក់ថា ក្នុងនាមជាប្រធានាធិតីចិន លោក ស៉ី ជីនពីង ធ្លាប់ធ្វើដំណើរទៅកាន់វៀតណាមបាន២លើក ដោយលើកចុងក្រោយគឺនៅឆ្នាំ ២០១៧ នៅពេលលោកចូលរួមកិច្ចប្រជុំកំពូលអាស៉ី-ប៉ាស៉ីហ្វិក ជាមួយលោក ដូណាល់ ត្រាំ លោក វ៉ា្លឌីមៀ ពូទីន និងមេដឹកនាំពិភពលោកផ្សេងទៀត។ ទន្ទឺមគ្នានេះ ក៏មានសេចក្តីរាយការណ៍ថា សេតវិមានអាមេរិកបានចាប់ផ្តើមផែនការ ដើម្បីរៀបចំជំនួបទល់មុខ រវាងលោក បៃដិន និងលោក ស៉ី នៅទីក្រុង San Francisco នាខែវិច្ឆិកា ខាងមុខផងដែរ៕

រូបភាពពី AFP