(មូស្គូ)៖ ប្រធានសភានៃប្រទេសរុស្ស៉ី បាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមថ្នាក់ដឹកនាំនៃសភារុស្ស៉ី នឹងធ្វើការពិចារណាយ៉ាងឆាប់រហ័ស ជុំវិញការលុបចោលការផ្តល់សច្ចាប័ន ចំពោះសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ហៅកាត់ CTBT បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបង្ហើបពីលទ្ធភាព នៃការធ្វើតេស្តនុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ពូទីន បាននិយាយថា គោលនយោបាយអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី ពុំចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពទេ ប៉ុន្តែលោកបន្ថែមថា រូបលោកមិនទាន់ត្រៀមលក្ខណៈរួចរាល់នៅឡើយទេ ក្នុងការនិយាយឱ្យច្បាស់ថា តើរុស្ស៉ីចាំបាច់ត្រូវបន្ត ការធ្វើតេស្តនុយក្លេអ៊ែរឡើងវិញឬក៏យ៉ាងណា។ លោកប្រធានាធិបតីរុស្ស៉ី បានបន្តថា រុស្ស៉ីគួរតែពិចារណាលើការលុបចោលវិញ នូវការផ្តល់សច្ចាប័នចំពោះសន្ធិសញ្ញា CTBT ដ្បិតសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើសន្ធិសញ្ញានោះ ប៉ុន្តែក៏បានផ្តល់សច្ចាប័នឡើយ។
រីឯនៅថ្ងៃសុក្រនេះ វីឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានរដ្ឋសភារុស្ស៉ី បាននិយាយដូច្នេះថា «ស្ថានការណ៍ពិភពលោក បានប្រែប្រួល ហើយទីក្រុងវ៉ាស៉ីនតោន និងទីក្រុងព្រុចសែល បានបង្កសង្រ្គាមប្រឆាំងមកលើប្រទេសរបស់យើង។ នៅកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សារដ្ឋសភារុស្ស៉ី ពួកយើងច្បាស់ជានឹងពិភាក្សាអំពីបញ្ហា នៃការលុបចោលការផ្តល់សច្ចាប័នចំពោះសន្ធិសញ្ញា CTBT»។ សម្តីរបស់លោក ពូទីន បូករួមជាមួយសម្តីរបស់លោក វ៉ូឡូឌីន គឺជាសញ្ញាយ៉ាងច្បាស់មួយ ដែលបង្ហាញថា រុស្ស៉ីនឹងពិតជាលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញា CTBT ដែលហាមឃាត់ការធ្វើតេស្តបំផ្ទុះអាវុធនុយក្លេអ៊ែរ ដោយប្រទេសទាំងអស់និងនៅគ្រប់ទីកន្លែង។
បច្ចុប្បន្ន រុស្ស៉ីគឺជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេបង្អស់ នៅលើពិភពលោក។ យោងតាមអង្គការសហប្រជាជាតិ (UN) ក្នុងរយៈពេល៥ទសវត្សរ៍ ចន្លោះឆ្នាំ ១៩៤៥ និងការចុះសន្ធិសញ្ញា CTBT នៅឆ្នាំ១៩៩៦ ការធ្វើតេស្តនុយក្លេអ៊ែរច្រើនជាង ២,០០០លើក ត្រូវបានធ្វើឡើង ដោយនៅក្នុងនោះ ១,០៣២លើក ត្រូវបានប្រព្រឹត្តទៅ ដោយសហរដ្ឋអាមេរិក និង៧១៥លើក ដោយសហភាពសូវៀត (រុស្ស៉ី)។
គួរបញ្ជាក់ថា សហភាពសូវៀត បានធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរលើកចុងក្រោយ នៅឆ្នាំ១៩៩០ ខណៈការធ្វើតេស្តចុងក្រោយរបស់អាមេរិក គឺនៅឆ្នាំ១៩៩២។ យោងតាម UN ចាប់តាំងពីការចុះសន្ធិសញ្ញា CTBT មក ការធ្វើតេស្តនុយក្លេអ៊ែរចំនួន១០លើក ត្រូវបានធ្វើឡើង។ ក្នុងចំណោមនោះ ប្រទេសឥណ្ឌាបានធ្វើឡើងចំនួន២លើក នៅឆ្នាំ១៩៩៨, ប៉ាគីស្ថានីបានធ្វើឡើង២លើកដូចគ្នា ហើយនៅឆ្នាំ១៩៩៨ដូចគ្នា ខណៈប៉ុន្មានលើកផ្សេងទៀត គឺជាស្នាដៃរបស់កូរ៉េខាងជើង រួមមានឆ្នាំ២០០៦, ២០០៩, ២០១៣, ២០១៦ (២លើក) និងឆ្នាំ២០១៧៕
រូបភាពពី Reuters