(ម៉ានីល)៖ អាជ្ញាធរអាកាសចរណ៍ស៉ីវិល (CAAP) នៃប្រទេសហ្វីលីពីន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ហ្វីលីពីនបានដាក់អាកាសយានដ្ឋាន ចំនួន៤២កន្លែង ក្នុងការប្រុងប្រយ័ត្នខ្ពស់ ហើយកំពុងព្យាយាមផ្ទៀងផ្ទាត់ឱ្យបានច្បាស់ អំពីការព្រមានថា គ្រាប់បែកអាចនឹងត្រូវបំផ្ទុះនៅតាម លើយន្តហោះពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣។

សេវាកម្មចរាចរណ៍ផ្លូវអាកាស បានទទួលការព្រមានអំពីគ្រាប់បែកតាមរយៈអ៉ីម៉ែល លើជើងហោះហើរដែលត្រូវបានកំណត់អត្តសញ្ញាណ ថាធ្វើដំណើរទៅកាន់ទីក្រុងសេប៊ូ (Cebu) ប៊ីខូល (Bicol) ដាវាវ (Davao) និងប៉ាឡាវ៉ាន់ (Palawan)។ ប៉ុន្តែមិនមានការបញ្ជាក់អំពីពេលវេលា ដែលការព្រមាននោះបានកើតឡើងនោះទេ។

អាជ្ញាធរអាកាសចរណ៍ស៉ីវិលហ្វីលីពីន បានបញ្ជាក់ក្នុងសេចក្តីណែនាំមួយថា «វិធានការសន្តិសុខជាបន្ទាន់ ត្រូវបានអនុវត្តនៅទូទាំងអាកាសយានដ្ឋានពាណិជ្ជកម្មហ្វីលីពីនទាំងអស់ ហើយការព្រមានកំពុងត្រូវបានផ្ទៀងផ្ទាត់»

គួរបញ្ជាក់ថា Cebu និង Palawan គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរបរទេស។ បើតាមរដ្ឋមន្ត្រីដឹកជញ្ជូន លោក ជេមមី បាល់ធីស្តា (Jaime Bautista) កងល្បាត និងក្រុមសត្វសុនខ K9 ត្រូវបានដាក់ពង្រាយនៅគ្រប់ស្ថានីយទាំងអស់ នៃអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងម៉ានីល ហើយបណ្តាភ្នាក់ងារអនុវត្តច្បាប់ កំពុងសម្របសម្រួលសហការគ្នាយ៉ាងជិតស្និទ្ធ៕

">

រូបភាពពី AFP