(ម៉ាឌ្រីដ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក​ វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានក្រុមមេដឹកនាំអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រុស្ស៉ីអាចនឹងកសាងសមត្ថភាពយោធាខ្លួនឡើងវិញ ហើយចាប់ផ្តើមវាយប្រហារលើប្រទេសដទៃទៀត ក្នុងរយៈពេលត្រឹម៥ឆ្នាំប៉ុណ្ណោះ ប្រសិនបើអឺរ៉ុបបន្ថយការគាំទ្រសម្រាប់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣។

លោកប្រធានាធិបតីអ៊ុយក្រែនបានថ្លែងដូចខាងលើ ក្នុងអំលុងកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប ដែលមានមេដឹកនាំមកពីប្រទេសអឺរ៉ុប​រាប់សិបប្រទេសចូលរួម ហើយលោកបានអះអាងថា រូបលោកនៅតែមានភាពជឿជាក់ខ្ពស់ថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប នឹងបន្ត​ផ្តល់ជំនួយយោធាព្រមទាំងហិរញ្ញវត្ថុដល់អ៊ុយក្រែន បើទោះបីជាមានព្យុះភ្លៀងនយោបាយ នៅទីក្រុងវ៉ាស៉ីនតោន និងកន្លែងផ្សេងទៀតក៏ដោយ។ លោក ហ្សេលេនស្គី បាននិយាយថា តាមរយៈការផ្តល់បរិក្ខារយោធាបន្ថែមឱ្យអ៊ុយក្រែន ក្រុមប្រទេសអឺរ៉ុបអាចជួយធានាបានថា ដ្រូន រថក្រោះ ឬក៏អាវុធផ្សេងៗរបស់រុស្ស៉ី នឹងមិនវាយប្រហារទៅលើកន្លែងផ្សេងទៀត នៅទ្វីបអឺរ៉ុបឡើយ។

ជាចុងក្រោយ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយដូច្នេះថា «ដាច់ខាត ពួកយើងមិនត្រូវអនុញ្ញាតឱ្យ លោក ពូទីន បង្កអស្ថិរភាពនៅផ្នែក​ដទៃទៀតនៃពិភពលោក ឬដៃគូរបស់យើង សម្រាប់តែគោលដៅបំផ្លិចបំផ្លាញអំណាចរបស់អឺរ៉ុបនោះឡើយ។ វត្តមានរបស់រុស្ស៉ី យោធារុស្ស៉ី ឬ​កូនអុករបស់រុស្ស៉ី នៅក្នុងទឹកដីរបស់ប្រទេសដទៃ គឺជាការគំរាមកំហែងចំពោះយើងទាំងអស់គ្នា។ ដូច្នេះពួកយើងចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីរុញច្រានរុស្ស៉ីចេញពីទឹកដីរបស់ប្រទេសដទៃ»

រូបភាពពី AFP