(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា អ៊ុយក្រែននឹងមិនអាចនៅបន្តតស៊ូបានលើសពី១សប្តាហ៍នោះឡើយ ប្រសិនបើលែងទទួលបានជំនួយយោធា និងហិរញ្ញវត្ថុពីក្រុមលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកប្រធានាធិបតីរុស្ស៉ីបានលើកឡើងយ៉ាងដូច្នេះថា «ការដែលអ៊ុយក្រែនមានសមត្ថភាពប្រយុទ្ធសព្វថ្ងៃ គឺដោយសារតែការបរិច្ចាគទំហំរាប់ពាន់លានដុល្លារ ដែលខ្លួនទទួលបានជារៀងរាល់ខែ។ យ៉ាងណាក្តី ប្រសិនបើការផ្តល់ជំនួយហ៊ានតែ​ឈប់ នោះអ៊ុយក្រែនមុខជានឹងដួលរលំក្នុងពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ»។ លោក ពូទីន ក៏បានអះអាងដែរថា អ៊ុយក្រែនបានបាត់បង់ទាហាន ច្រើនជាង៩០,០០០នាក់ហើយ គិតចាប់តាំងពីការបើកប្រតិបត្តិការវាយបកប្រឆាំងកងកម្លាំងរុស្ស៉ី កាលពីខែមិថុនាមក។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយដូចខាងលើរបស់លោក ពូទីន គឺកើតមានស្របពេលក្តីបារម្ភកំពុងតែកើនឡើងខ្លាំងថា វិបត្តិនយោបាយ​នៅឯ​ទីក្រុងវ៉ាស៉ីនតោន អាចនឹងជះផលប៉ះពាល់អវិជ្ជមាន ចំពោះការផ្តល់ជំនួយយោធានិងមនុស្សធម៌ដ៏មានសារសំខាន់ ដែលទីក្រុងកៀវត្រូវការ​ជាចាំបាច់ដើម្បីប្រយុទ្ធតស៊ូប្រឆាំង ការឈ្លានពានរបស់រុស្ស៉ី។ ក្នុងសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទទួលស្គាល់ថា រូបលោកពិតជាខ្វល់ខ្វាយថា ការគាំទ្ររបស់អាមេរិកសម្រាប់អ៊ុយក្រែន ប្រហែលនឹងត្រូវរងការប៉ះពាល់។

ទន្ទឹមគ្នា កាលពីថ្ងៃព្រហស្បតិ៍ អំលុងកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប នៅប្រទេសអេស៉្បាញ ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក ចូសេព បូរែល (Josep Borrell) ក៏បានលើកឡើងដែរថា EU មិនអាចដើរតួនាទីជំនួសសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកផ្គត់ផ្គង់ជំនួយចម្បង របស់ទីក្រុងកៀវបានឡើយ៕

">

រូបភាពពី Reuters