(ព្យុងយ៉ាង)៖ នៅថ្ងៃសុក្រនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចេញមុខរិះគន់បារាំង ជុំវិញការចល័តយន្តហោះល្បាត១គ្រឿង មកកាន់ដែនអាកាសក្បែរឧបទ្វីបកូរ៉េ ដោយបានហៅសកម្មភាពនោះថា «ការទូតចុងកាណុងកាំភ្លើងដែលហួសសម័យ»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣។
ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង អ្នកស្រាវជ្រាវម្នាក់នៅសមាគមកូរ៉េ-អឺរ៉ុបរបស់កូរ៉េខាងជើង បានលើកឡើងថា ការចល័តយន្តហោះល្បាតខាងលើដោយប្រទេសបារាំង គឺជារបៀបធ្វើការទូតមួយបែប ដោយគំរាមកំហែងប្រើប្រាស់កងកម្លាំងយោធា ដែលហួសសម័យទៅហើយ ហើយអ្នកស្រាវជ្រាវរូបនោះ ក៏បានទទូចឱ្យទីក្រុងប៉ារីសបញ្ឈប់សកម្មភាពគ្រោះថ្នាក់ទាំងឡាយ ដែលបង្កហានិភ័យចំពោះសន្តិភាពនៅក្នុងតំបន់ថែមទៀតផង។
ការរិះគន់ខាងលើកើតមានឡើង បន្ទាប់ពីក្រសួងការបរទេសជប៉ុន បានប្រកាសឱ្យដឹងក្នុងសប្តាហ៍នេះថា បារាំងនឹងធ្វើប្រតិបត្តិការឃ្លាំមើល សកម្មភាពខុសច្បាប់នានា នៅតាមដែនសមុទ្រ ក្នុងនោះរួមមានទាំងការផ្ទេរទំនិញរវាងកប៉ាល់និងកប៉ាល់ ដែលប្រព្រឹត្តទៅដោយកប៉ាល់ដែលដោតទង់ជាតិកូរ៉េខាងជើងផងដែរ តាមរយៈការប្រើប្រាស់យន្តហោះល្បាត មកពីមូលដ្ឋានទ័ពអាកាស Futenma នៅខេត្ត Okinawa របស់ជប៉ុន។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ក្នុងឆ្នាំ២០២៣នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏បានធ្លាប់បានថ្កោលទោសបារាំង ជុំវិញការធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នា ជាមួយកូរ៉េខាងត្បូងផងដែរ ដោយបានហៅសកម្មភាពនាពេលនោះថា ជាការបង្កហេតុផ្នែកយោធា៕
រូបភាពពី AFP