(គូឡាឡាំពួរ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ម៉ាឡេស៉ីបានអំពាវនាវដល់ប្រទេសជិតខាងគឺឥណ្ឌូណេស៉ី និងសមាជិកអាស៊ានផ្សេងទៀត ឲ្យនាំគ្នាធ្វើ សកម្មភាព ខណៈគុណភាពខ្យល់កាន់តែអាក្រក់នៅទូទាំងប្រទេសរបស់ខ្លួន ដោយសារតែកត្តាភ្លើងឆេះនៅឥណ្ឌូណេស៉ី។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣។

គុណភាពខ្យល់បានឈានដល់កម្រិតមិនល្អ នៅក្នុងផ្នែកជាច្រើននៃប្រទេសម៉ាឡេស៉ី នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ រដ្ឋមន្ត្រីនៃក្រសួងធនធានធម្មជាតិ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុរបស់ម៉ាឡេស៉ី លោក នីក ណាស្ម៉ី នីក អះម៉ាត់ (Nik Nazmi Nik Ahmad) បានគូសបញ្ជាក់ថា «បញ្ហាផ្សែងអ័ព្ទ មិនមែន ជារឿងធម្មតានោះទេ។ មូលហេតុសំខាន់គឺចេញពីអគ្គិភ័យគឺនៅឥណ្ឌូណេស៉ី។ យើងបានដាក់លិខិតមួយ ដើម្បីជូនដំណឹងដល់រដ្ឋាភិបាលឥណ្ឌូណេស៉ី ហើយសង្ឃឹមថានឹងមានការចាត់វិធានការលើបញ្ហានេះ»

គួរបញ្ជាក់ថា ស្ទើរតែជារៀងរាល់រដូវក្តៅ ផ្សែងចេញពីភ្លើងដុតសម្អាតដីធ្វើចំការដូង ចំការក្រដាសនៅឥណ្ឌូណេស៉ី បានគ្របដណ្តប់លើតំបន់ជាច្រើននៅម៉ាឡេស៉ី ដែលបង្កហានិភ័យដល់សុខភាពសាធារណៈ និងការព្រួយបារម្ភសម្រាប់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍។ ទីក្រុងគូឡាឡាំពួរ បានស្តីបន្ទោសថាបណ្តាលមកពីភ្លើងឆេះនៅឥណ្ឌូណេស៉ី ទោះបីជាទីក្រុងហ្សាការតាបដិសេធថា មិនបានឃើញមានផ្សែងហុយចេញពីព្រំដែនរបស់ខ្លួន ចូលទៅម៉ាឡេស៉ីក៏ដោយ៕

រូបភាពពី Reuters