(ម៉ិកស៉ីកូ ស៊ីធី)៖ ម៉ិកស៉ិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានច្រានចោលគម្រោងរបស់សហរដ្ឋអាមេរិក លើការសាងសង់ជញ្ជាំងនៅព្រំដែនមួយផ្នែកទៀត ជាមួយម៉ិកស៉ិក ខណៈក្រុមមន្ត្រីកំពូលៗនៃប្រទេសទាំងពីរបានជួបប្រជុំគ្នា ក្នុងរដ្ឋធានីម៉ិកស៉ីកូ ស៊ីធី (MEXICO CITY) ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងអន្តោប្រវេសន៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣។

មុនពេលអង្គុយ​ជជែកជាមួយក្រុមមន្ត្រីសហរដ្ឋអាមេរិក ដែលរួមមានទាំងរដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីនខិន (Antony Blinken) និងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក អាឡិចអានដ្រូ ម៉េយ៉ូខាស់ (Alejandro Mayorkas) ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បានរិះគន់ផែនការសាងសង់ជញ្ជាំងនេះថាជា «ជំហានដើរថយក្រោយ»

តែនៅពេលពិភាក្សាគ្នា ក្រុមមន្រ្តីអាមេរិក បានសន្យាឈានទៅបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លង និងលុបបំបាត់បញ្ហា ជនអន្តោប្រវេសន៍នៅតាមព្រំដែន បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសម៉ិកស៉ីក លោកស្រី អាលីសៀ បាសេណា (Alicia Barcena) សំដែងការជំទាស់នឹងផែនការ សង់ជញ្ជាំងព្រំដែនថ្មីនោះ។

គួរបញ្ជាក់ថា ចំពោះមុខការកើនឡើងនូវចំនួនជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនពីម៉ិកស៉ិក ចូលមកក្នុងសហរដ្ឋអាមេរិក ទីក្រុងវ៉ាស៉ីនតោន បានបំផុសផែនការ សង់ជញ្ជាំងព្រំដែននៅតំបន់ Starr County នៃរដ្ឋតិចសាស់ ដែលជាផែនការចុះហត្ថលេខាក្រោមអាណត្តិអតីតរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ៕

រូបភាពពី Reuters