(ការ៉ាកាស)៖ ការិយាល័យរដ្ឋអាជ្ញារបស់វ៉េណេស៊ុយអេឡា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឱ្យដឹងថាបានចេញដីកាចាប់ខ្លួនលោក Juan Guaido ហើយនឹងស្នើសុំកិច្ចសហការពីប៉ូលិសអន្តរជាតិ Interpol ដើម្បីចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងរូបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣។
អគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា លោក Tarek William Saab បានបញ្ជាក់ទៀតថាក្រុមរដ្ឋអាជ្ញារបស់លោកបានចេញដីកាចាប់ខ្លួនលោក Guaido និង បានស្នើសុំសេចក្ដីប្រកាសក្រហម (Red Notice) ពីប៉ូលិស Interpol។ លោក Guaido ដែលកំពុងរស់នៅនិរទេសខ្លួនក្នុងសហរដ្ឋអាមេរិក ត្រូវបាន ចោទប្រកាន់ពីសំណាក់អាជ្ញាធរវ៉េណេស៊ុយអេឡាពីបទក្បត់ជាតិ និងលាងលុយ ក៏ដូចជាប្រើប្រាស់ធនធានរបស់ក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា ដោយបង្កការខាតបង់ជាង ១៩ពាន់លានដុល្លារ។ រដ្ឋាភិបាលទីក្រុងការ៉ាកាសក៏បានអះអាងដែរថាខ្លួនកំពុងដឹកនាំការស៊ើបអង្កេតចំនួន២៧ករណី ផ្សេងៗពីគ្នាប្រឆាំងនឹងលោក Guaido ប៉ុន្តែនេះគឺជាលើកដំបូងបំផុតដែលរដ្ឋាភិបាលលោកប្រធានាធិបតី ម៉ាឌូរ៉ូ ស្វែងរកចាប់ខ្លួនមេបក្សប្រឆាំងរូបនេះ។
គួរបញ្ជាក់ថា លោក Juan Guaido ដែលជាអតីតប្រធានសភាជាតិវ៉េណេស៊ុយអេឡា បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទី កាលពីខែមករា ឆ្នាំ២០១៩ ជាមួយការទទួលបានការគាំទ្រពីបណ្ដាប្រទេសលោកខាងលិច ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែ លោក Guaido បានបរាជ័យក្នុងការទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាច រហូតធ្វើឱ្យលោកខ្លួនឯងបាត់បង់ឥទ្ធិពល និងត្រូវបានគណបក្សប្រឆាំងបញ្ចប់តួនាទីជា ប្រធានាធិបតីស្ដីទីរបស់លោកកាលពីចុងឆ្នាំ២០២២៕
រូបភាពពី AFP