(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាការធ្លាក់យន្ដហោះដែលបានផ្ដាច់ជីវិតថៅកែទាហាន ស៊ីឈ្នួលរុស្ស៉ី លោក Yevgeny Prigozhin កាលពីខែសីហាកន្លងទៅ គឺត្រូវបានបង្កឡើងដោយគ្រាប់បែកដៃដែលត្រូវបានបំផ្ទុះនៅលើយន្ដហោះនោះ មិនមែនត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣។

ការអះអាងខាងលើរបស់លោក ពូទីន ថាយន្ដហោះរបស់លោក Prigozhin ត្រូវបានបំផ្ទុះដោយគ្រាប់បែកដៃ គឺធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការ ស៊ើបអង្កេតរុស្ស៉ីបានជូនដំណឹងនេះដល់រូបលោកកាលពីប៉ុន្មានថ្ងៃមុននេះ។ ថ្លែងនៅឯកិច្ចប្រជុំមួយរៀបចំដោយវិទ្យាស្ថាន Valdai Discussion Club ក្នុងទីក្រុង Sochi លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «បំណែកគ្រាប់បែកដៃត្រូវបានរកឃើញនៅលើសាកសព នៃមនុស្សដែលត្រូវបានសម្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ»។ លោកបន្តថាយន្ដហោះនេះមិនមែនត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលដូចដែលក្រុមមន្ត្រីអាមេរិកមួយចំនួនលើកឡើង នោះទេ។ ប៉ុន្តែ លោក ពូទីន មិនបានផ្ដល់ព័ត៌មានលម្អិតថាតើគ្រាប់បែកដៃត្រូវបានបំផ្ទុះនៅលើយន្ដហោះ ដោយរបៀបណានោះទេ។

គួរបញ្ជាក់ថា យន្ដហោះឯកជនមួយធុន Embraer ដែលដឹកលោក Prigozhin ធ្វើដំណើរទៅកាន់ទីក្រុង St Petersburg បានធ្លាក់នៅភាគខាងជើង នៃទីក្រុងមូស្គូដោយសម្លាប់មនុស្សជិះនៅលើនោះទាំងអស់ ១០នាក់ កាលពីថ្ងៃទី២៣ ខែសីហា ក្នុងនោះរួមមានមេបញ្ជាការជាន់ខ្ពស់ ២នាក់ និងអង្គរក្ស ៤នាក់របស់លោក Prigozhin ព្រមទាំងអ្នកធ្វើការនៅលើយន្ដហោះ៣នាក់៕

រូបភាពពី Reuters