(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាសហរដ្ឋអាមេរិកបានបាញ់ទម្លាក់ យន្ដហោះដ្រូនប្រដាប់អាវុធមួយគ្រឿងរបស់តួកគី ដែលធ្វើប្រតិបត្តិការនៅក្បែរទីតាំងរបស់កងទ័ពអាមេរិកក្នុងប្រទេសស៊ីរី។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានឱ្យដឹងថាយន្ដហោះដ្រូនតួកគីបានធ្វើប្រតិបត្តិការនៅជាយ ទីក្រុង Hasakah ក្នុងប្រទេសស៊ីរី កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយស្ថិតនៅចម្ងាយត្រឹម ១គីឡូម៉ែត្រប៉ុណ្ណោះពីកងទ័ពអាមេរិក។ លោកបន្ថែមថាប៉ុន្មានម៉ោងក្រោយមក យន្ដហោះដ្រូននេះស្រាប់តែហោះមកក្បែរប្រហែលចម្ងាយជាង ៥០០ម៉ែត្រ ពីកងទ័ពអាមេរិក ហើយ នេះត្រូវបានចាត់ទុកថាការគំរាមកំហែងដែលតម្រូវឱ្យយន្ដហោះចម្បាំង F-16 បាញ់ទម្លាក់យន្ដហោះដ្រូននេះ។

យ៉ាងណាក៏ដោយ ខាងមន្ត្រីម្នាក់មកពីក្រសួងការពារជាតិតួកគី បានអះអាងថាយន្ដហោះដ្រូនដែលត្រូវបានបាញ់ទម្លាក់នោះមិនមែន ជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធតួកគីនោះទេ ហើយក៏មិនបានបញ្ជាក់ថាកម្មសិទ្ធិរបស់នរណានោះដែរ។ ប៉ុន្តែ បើជាការពិតមែន នោះវានឹងក្លាយជាលើកដំបូងបំផុតដែលសហរដ្ឋអាមេរិកបាញ់ទម្លាក់យន្ដហោះដ្រូនរបស់ប្រទេសជាសម្ព័ន្ធមិត្ត NATO ដូចជាតួកគី។

គួរបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់តួកគី បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដ កាលពីថ្ងៃព្រហស្បតិ៍នោះដែរ ក្រោយមានការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងទីក្រុងអង់ការ៉ា កាលចុងសប្ដាហ៍មុន។ នៅយប់ថ្ងៃដដែល ការវាយប្រហាររបស់យោធាតួកគី បានបំផ្លាញគោលដៅចំនួន៣០របស់ក្រុមសកម្មប្រយុទ្ធឃើដ នៅភាគខាងជើងប្រទេសស៊ីរី ក្នុងនោះ រួមទាំងតំបន់ប្រេង ឃ្លាំងស្តុក និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធនេះជាច្រើននាក់ផងដែរ៕

រូបភាពពី AFP