(វ៉ាស៊ីនតោន)៖ សេតវិមានបានចាប់ផ្ដើមបង្កើតផែនការ ដើម្បីរៀបចំជំនួបទល់មុខរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងទីក្រុង San Francisco ​នៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការចេញផ្សាយដោយសារព័ត៌មានអាមេរិក Washington Post នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ Washington Post ដោយទទួលបានប្រភពពីក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកក្នុងលក្ខខណ្ឌមិន បញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាលទ្ធភាពដែលជំនួបរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង អាចនឹងកើតមានឡើងគឺមានភាពរឹងមាំ ខណៈនីតិវិធី នៃផែនការរៀបចំជំនួបនេះបានចាប់ផ្ដើមហើយ។ ក៏ប៉ុន្តែ ភា្លមៗ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក និងសេតវិមានមិនឆ្លើយតប ឬធ្វើអត្ថាធិប្បាយ អ្វីនោះទេចំពោះសេចក្ដីរាយការណ៍នេះ។

គួរបញ្ជាក់ថា លោក ចូ បៃដិន និងលោក ស៊ី ជិនពីង បានជួបគ្នាដោយផ្ទាល់លើកចុងក្រោយបំផុតនាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ ចំណែក ទីក្រុង San Francisco របស់សហរដ្ឋអាមេរិក នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APEC នៅខែវិច្ឆិកាខាងមុខ៕

រូបភាពលោក បៃដិន និងលោក ស៊ី ជិនពីង ជួបគ្នានៅឯកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី កាលពីខែវិច្ចិកា ឆ្នាំ២០២២៖ Reuters