(កៀវ)៖ ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៩ នាក់ ក្នុងនោះមានទាំងកុមារអាយុ ៦ ឆ្នាំម្នាក់ផងដែរ ខណៈដែលពួកគេបានប្រមូលផ្តុំគ្នានៅក្នុងហាងកាហ្វេមួយ សម្រាប់ពិធីរំលឹកវិញ្ញាណក្ខន្ធ នៅក្នុងភូមិមួយនៅភាគឦសានប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។

អភិបាលតំបន់ លោក Oleh Sinyhopov បាននិយាយថា ហាងកាហ្វេ និងហាងមួយត្រូវបានបំផ្ទុះនៅពេលរសៀលនាថ្ងៃព្រហស្បតិ៍នេះ នៅក្នុងភូមិ Haruzha ក្នុងតំបន់ Kharkiv ដោយបន្ថែមថា មានជនស៊ីវិលជាច្រើនមានវត្តមាននៅទីនោះ នាពេលនោះ។

រដ្ឋមន្ត្រីមហាផ្ទៃ លោក Ihor Klimenko បាននិយាយថា អ្នកស្រុកនៅក្នុងភូមិតូចមួយដែលមានប្រជាជនប្រហែល ៣៣០ នាក់ កំពុងប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធនៅក្នុងហាងកាហ្វេ ដែលត្រូវបានទម្លាក់គ្រាប់បែក។

លោកបានប្រាប់ទូរទស្សន៍អ៊ុយក្រែនដូច្នេះថា «ពីគ្រប់ក្រុមគ្រួសារ ពីគ្រប់ផ្ទះ មានសមាជិកវត្តមានក្នុងពិធីនេះ។ នេះជាសោកនាដកម្មដ៏គួរឱ្យភ័យខ្លាច»។ លោកបាននិយាយទៀតថា ភ្លាមៗនេះវាមិនច្បាស់ទេថា តើកងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែក ឬបានបាញ់មីស៊ីលនោះទេ។

លោក Klimenko បានសង្កត់ធ្ងន់ថា វាច្បាស់ណាស់ថា ការវាយប្រហារនេះត្រូវបានកំណត់គោលដៅយ៉ាងច្បាស់លាស់ ហើយសេវាសន្តិសុខអ៊ុយក្រែន បានបើកការស៊ើបអង្កេតលើបញ្ហានេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអឺរ៉ុបក្នុងប្រទេសអេស្ប៉ាញ បានសរសេរនៅប្រព័ន្ធទំនាក់ទំនងសង្គមថា «អំពើភេរវកម្មរបស់រុស្ស៊ីត្រូវតែត្រូវបានបញ្ឈប់...ឥឡូវនេះយើងកំពុងនិយាយជាមួយមេដឹកនាំអឺរ៉ុប ជាពិសេសអំពីការពង្រឹងការការពារដែនអាកាសរបស់យើង ការពង្រឹងទាហានរបស់យើង និងការផ្តល់ការការពារសម្រាប់ប្រទេសរបស់យើង ប្រឆាំងនឹងអំពើភេរវកម្ម»

ទោះជាយ៉ាងណា ទីក្រុងមូស្គូមិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីព្រឹត្តិការណ៍នៅភូមិ Hruza ខាងលើនេះទេ។ ទីក្រុងមូស្គូតែងតែបានបដិសេធចេតនា នូវរាល់ការកំណត់គោលដៅលើជនស៊ីវិល ខណៈដែលមនុស្សជាច្រើនត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដែលផ្តោតលើតំបន់លំនៅដ្ឋាន ក៏ដូចជាកន្លែងថាមពល និងកំពង់ផែគ្រាប់ធញ្ញជាតិ និងកន្លែងផ្សេងៗទៀត៕

រូបភាពពី Reuters