(ម៉ាឌ្រីដ)៖ កិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុប ក្នុងការកសាងគោលដៅភូមិសាស្ត្រនយោបាយរួម បានទទួលរងនូវការវាយប្រហារថ្មីមួយនៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលប្រទេសតួកគី និងអាស៊ែបៃហ្សង់បានរំលងកិច្ចប្រជុំកំពូលមួយ ខណៈដែលភាពតានតឹងបានកើនឡើងជុំវិញជម្លោះតំបន់ Nagorno-Karabakh។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។

មេដឹកនាំអឺរ៉ុបជាច្រើននាក់ មកពីសហភាពអឺរ៉ុប និងរដ្ឋសមាជិកណាតូ ក៏ដូចជាប្រទេសជិតខាងរបស់ពួកគេ បានប្រមូលផ្តុំគ្នានៅទីក្រុង Granada នៃប្រទេសអេស្ប៉ាញ សម្រាប់កិច្ចប្រជុំកំពូលទីបី នៃសហគមន៍នយោបាយអឺរ៉ុប។

ប៉ុន្តែប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងមេដឹកនាំអាស៊ែបៃហ្សង់ លោក Ilham Aliyev ដែលជាសម្ព័ន្ធមិត្ត មិនបានចូលចូលរួមកិច្ចប្រជុំនោះទេ ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិសន្តិសុខចុងក្រោយបង្អស់របស់អឺរ៉ុប។

មេដឹកនាំអឺរ៉ុបបានសង្ឃឹមថា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកដំបូងរបស់លោក Aliyev ជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ចាប់តាំងពីអាស៊ែបៃហ្សង់បានកាន់កាប់តំបន់ដាច់ខ្លួន Nagorno-Karabakh ដែលបានបង្កឱ្យមានការភៀសខ្លួនជនស៊ីវិលជនជាតិអាមេនី។

កិច្ចប្រជុំនៃមេដឹកនាំទាំងពីរ នឹងត្រូវចូលរួមដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ប្រធានាធិបតីបារាំង លោក Emmanuel Macron និង លោក Olaf Scholz របស់អាល្លឺម៉ង់ ប៉ុន្តែ Azerbaijan បានច្រានចោលទម្រង់នេះ ដោយចោទប្រកាន់អឺរ៉ុបថា មានភាពលម្អៀង។

គួរបញ្ជាក់ថា តំបន់ Nagorno-Karabakh ដែលស្ថិតក្នុងប្រទេសអាស៊ែបៃហ្សង់ គឺត្រូវអន្តរជាតិទទួលស្គាល់ជា ទឹកដីរបស់អាស៊ែបៃហ្សង់ ប៉ុន្តែសម្បូរដោយជនជាតិអាមេនីរស់នៅ សរុបប្រមាណ១២០,០០០នាក់។ Nagorno-Karabakh បានប្រកាសខ្លួនឯងជាតំបន់ផ្តាច់ខ្លួន តាំងតែពីឆ្នាំ១៩៩១មក៕

រូបភាពពី AFP