(អាឡិបប៉ូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងទ័ពពិសេសរបស់ប្រទេសស៉ីរ៉ី ជាង ១,៥០០នាក់ បានលោតឆ័ត្រយោងពីលើសមុទ្រមេឌីទែរ៉ាណេ ខេត្តអាឡិបប៉ូ (Aleppo) និងឡាតាកៀ (Latakia) ជាផ្នែកមួយនៃសមយុទ្ធហ្វឹកហ្វឺនដែលធ្វើឡើងដោយប្រើយន្តហោះយោធារុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។
វីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៉ី បង្ហាញឲ្យឃើញនូវក្រុមទាហានស៉ីរីលោតចេញពីយន្តហោះ និងឧទ្ធម្ភាគចក្ររុស្ស៉ី ព្រមជាមួយការអត្ថាធិប្បាយថា ជាការចុះចតដ៏ធំលើកដំបូងរបស់កងទ័ពអារ៉ាប់ ពីយន្តហោះចម្បាំង IL-76 ដែលធ្វើឡើងនៅពេលយប់។ ក្រសួងការពារជាតិរុស្ស៉ីបញ្ជាក់ថា «ក្រុមទាហានរុស្ស៉ីឈរជើងនៅស៊ីរី ជាអ្នកទទួលបន្ទុកចំពោះសមយុទ្ធដ៏ធំ នៃអង្គភាពទ័ពពិសេសស៉ីរីនាពេលនេះ»។
គួរបញ្ជាក់ថា រុស្ស៉ី គឺជាសម្ព័ន្ធមិត្តដ៏ចម្បងមួយរបស់រដ្ឋាភិបាលលោកប្រធានាធិបតី បាសារ អាល់អាសាដ (Bashar al Assad)។ កិច្ចអន្តរាគមន៍របស់ទីក្រុងមូស្គូជាមួយអ៉ីរ៉ង់ បានជួយបង្វែរការចាប់អារម្មណ៍អំពីជម្លោះ ដែលមានរយៈពេលជាង ១០ឆ្នាំក្នុងប្រទេសស៉ីរី៕
">
រូបភាពពី AFP