(អឺរ៉ុប)៖ ការសិក្សាថ្មីមួយបានបង្ហាញថា អឺរ៉ុបអាចផ្តាច់ខ្លួនចេញពីឥន្ធនៈហ្វូស៉ីល និងបង្កើតវិស័យថាមពលដែលមាននិរន្តរភាពដោយខ្លួនឯង តាមរយៈការចំណាយប្រហែល ២ពាន់ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១ពាន់ពាន់លានដុល្លារលើថាមពលព្រះអាទិត្យ ខ្យល់ និងប្រភពកកើតឡើងវិញផ្សេងទៀតត្រឹមឆ្នាំ ២០៤០។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។

របាយការណ៍ដែលរៀបរាងដោយ Potsdam Institute for Climate Impact Research បានឲ្យដឹងថា អឺរ៉ុបនឹងត្រូវការការវិនិយោគប្រចាំឆ្នាំចំនួន ១៤០ពាន់លានអឺរ៉ូ ស្មើនឹងជាង ១៤៧ពាន់លានដុល្លារនៅឆ្នាំ២០៣០ និង ១០០ពាន់លានអឺរ៉ូ ឬស្មើនឹងជាង ១០៥ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅរយៈពេល ១០ឆ្នាំបន្ទាប់ ដើម្បីទៅឈានទៅសម្រេចគោលដៅខាងលើ។

ខណៈដែលភាគច្រើននៃតម្រូវការចំណាយនេះ នឹងប្រើសម្រាប់ការពង្រីកដំណើរការផលិតថាមពលពីខ្យល់នៅលើដីគោក ថាមពលពន្លឺព្រះអាទិត្យ អ៉ីដ្រូសែន និងថាមពលកំដៅក្នុងផែនដី គឺជាសសរស្តម្ភបន្ថែមនៃយុទ្ធសាស្រ្ត ដែលអាចជួយឲ្យ ទិន្នផលអគ្គិសនីរបស់អឺរ៉ុប កើតចេញពីថាមពលកកើតឡើងវិញទាំងស្រុង នៅឆ្នាំ ២០៣០។ វាត្រូវការចំណាយពេលរាប់ឆ្នាំទៅមុខ ដើម្បីបម្លែងប្រព័ន្ធថាមពលទាំងមូល ដែលបច្ចុប្បន្នដំណើរការដោយប្រេង ឬឧស្ម័ន ទៅជាថាមពលកកើតឡើងវិញ។

គួរបញ្ជាក់ថា កាលពីខែមុន សមាជិកសភាអ៉ឺរ៉ុប បានផ្តល់ការយល់ព្រមចុងក្រោយរបស់ពួកគេ ចំពោះគោលដៅជំរុញថាមពលកកើតឡើងវិញ ឲ្យបានលឿនក្នុងទសវត្សរ៍នេះ ដែលជាផែនការរបស់អឺរ៉ុបក្នុងការទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ និងឈានទៅបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៉ីល៕

រូបភាពពី AP