(តៃប៉ិ)៖ ព្យុះទីហ្វុង Koinu បានចាប់ផ្តើមបោកបក់កាត់តំបន់ជនបទដាច់ស្រយាលនៅភាគខាងត្បូងតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យមនុស្សចំនួន ១៩០នាក់រងរបួស ខណៈដែលភ្លៀង និងខ្យល់បោកបក់ខ្លាំង បង្ខំឲ្យលុបចោលការងារ និងថ្នាក់រៀនសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងកោះ។ នេះយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។
ព្យុះ Koinu បានបោកបក់លើតំបន់ហាំងឈុន (Hengchun) នៃកោះតៃវ៉ាន់ ជាព្យុះទីហ្វុងកម្រិតទី៤ ដោយនាំមកនូវល្បឿនខ្យល់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែត្រូវបានគេព្យាករថានឹងចុះខ្សោយឥទ្ធិពល នៅពេលឆ្លងចូលច្រកសមុទ្រតៃវ៉ាន់ និងឆ្ពោះទៅកាន់ខេត្តក្វាងទុង (Guangdong) របស់ប្រទេសចិន។
ភ្លៀងកំពុងធ្លាក់ខ្លាំងបំផុតនៅតាមតំបន់ភ្នំ និងតំបន់ដែលមានប្រជាជនរស់នៅតិច គឺស្រុកពីងទុង (Pingtung) នៅភាគខាងត្បូង និងតំបន់ឆ្នេរភាគខាងកើត ប៉ុន្តែព្យុះទីហ្វុងក៏នឹងជះឥទ្ធិពលដល់ទីក្រុងកំពង់ផែកៅស៊ុង (Kaohsiung) ភាគខាងត្បូងផងដែរ។ នាយកដ្ឋានពន្លត់អគ្គីភ័យតៃវ៉ាន់ បានរាយការណ៍ថាមានអ្នករងរបួសចំនួន ១៩០នាក់ ប៉ុន្តែគ្មានអ្នកស្លាប់ ក៏ដូចជាការខូចខាតបន្តិចបន្តួច ចំពោះអគារមួយចំនួន។
គួរបញ្ជាក់ថា បើតាមក្រសួងដឹកជញ្ជូន ជើងហោះហើរអន្តរជាតិសរុបចំនួន ៤២ត្រូវបានលុបចោល ប៉ុន្តែសេវាកម្មរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ភាគខាងជើង និងភាគខាងត្បូងតៃវ៉ាន់ មិនរងផលប៉ះពាល់នោះទេ៕
រូបភាពពី AFP