(ម៉ាឌ្រីដ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រូបលោកកំពុងតែស្ថិតនៅក្នុងទីក្រុង Granada នៃប្រទេសអេស៉្បាញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយ ដែលមានការចូលរួមពីមេដឹកនាំ មកពីបណ្តាប្រទេសអឺរ៉ុបសរុបជិត៥០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។
លោក ហ្សេលេនស្គី បានបង្ហោះសារលើបណ្តាញសង្គមដូច្នេះថា «កំពុងស្ថិតនៅទីក្រុង Granada របស់អេស៉្បាញ សម្រាប់កិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុប។ យើងនឹងធ្វើការនៅលើផ្លូវរួមគ្នា ហើយមានជំនួបទ្វេភាគីសំខាន់ៗ។ កូនសោគន្លឹះសម្រាប់យើង ជាពិសេសនៅមុនរដូវរងាមកដល់ គឺត្រូវពង្រឹងសមត្ថភាពការពារដែនអាកាស ហើយយើងមានរួចរាល់ផងដែរ នូវមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងថ្មីៗជាមួយបណ្តាដៃគូរបស់យើង។ ពួកយើងកំពុងតែត្រៀមរៀបចំបញ្ជាក់ឱ្យច្បាស់ ក៏ដូចជាអនុវត្តពួកវា»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើរបស់លោក ហ្សេលេនស្គី កើតមានស្របពេលដែល លោកប្រធានាធិបតីអ៊ុយក្រែន បាននិងកំពុងតែព្យាយាមបញ្ចុះបញ្ចូល សម្ព័ន្ធមិត្តលោកខាងលិច ដើម្បីស្នើសុំជំនួយសព្វាវុធ ក៏ដូចជាប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត នៅមុនអ្វីដែលក្រុមមន្រ្តីបានព្រមានថា អាចនឹងជាការវាយប្រហារតាមផ្លូវអាកាស កាន់តែខ្លាំងក្លាថែមទៀតរបស់រុស្ស៉ី អំលុងរដូវរងា។ សព្វថ្ងៃ រុស្ស៉ីក៏បានបង្កើនការវាយប្រហាររួចស្រេចផងដែរ ទៅលើកំពង់ផែរបស់អ៊ុយក្រែន ចាប់តាំងពីដើរចាកចោលកិច្ចព្រមព្រៀង ដែលបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនផលិតផលអ៊ុយក្រែនដោយសុវត្ថិភាព កាត់តាមសមុទ្រខ្មៅ៕
រូបភាពពី AFP