(ប៉េកាំង)៖ ប្រទេសចិនមានគម្រោងពង្រីកស្ថានីយអវកាសរបស់ខ្លួន ដែលបច្ចុប្បន្នមានត្រឹម៣កំណាត់បន្ទប់ ឱ្យដល់៦បន្ទប់ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត ហើយប្រកាសទទួលស្វាគមន៍ប្រទេសដទៃ ដែលមានបំណងចង់បញ្ជូនអវកាសយានិករបស់ពួកគេ ឱ្យមកបំពេញបេសកកម្ម ក្នុងទីអវកាសនៅលើស្ថានីយរបស់ខ្លួន ជំនួសឱ្យស្ថានីយអវកាសអន្តរជាតិ ISS ដែលដឹកនាំដោយទីភ្នាក់ងារអវកាសអាមេរិក NASA ដែលកំពុងឆ្ពោះទៅរកពេលត្រូវចូលនិវត្តន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។
ក្នុងសន្និសីទវិស័យអវកាស International Astronautical Congress លើកទី៧៤ ដែលប្រារព្ធឡើងនៅប្រទេសអាស៊ែបៃហ្សង់ បណ្ឌិតសភាបច្ចេកវិទ្យាវិទ្យាសាស្រ្តចិន CAST បានអះអាងថា រយៈពេលអាចធ្វើប្រតិបត្តិការបាន សម្រាប់ស្ថានីយអវកាសចិនគឺជាង១៥ឆ្នាំ ខណៈរយៈពេលនោះ គឺលើសពីរយៈពេល១០ឆ្នាំ ដែលទីក្រុងប៉េកាំង ធ្លាប់បានប្រកាសកន្លងមក។ ស្ថានីយអវកាស Tiangong ដែលចិនសាងសង់ឡើងដោយខ្លួនឯងផ្ទាល់ បានចាប់ដំណើរការជាផ្លូវការ តាំងតែពីចុងឆ្នាំ២០២២មក។ វាអាចផ្ទុកអវកាសយានិកបានច្រើនបំផុតត្រឹម៣នាក់ និងគោចរជុំវិញផែនដីនៅរយៈកម្ពស់៤៥០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ទោះបីជាត្រូវបានពង្រីកដល់៦កំណាត់បន្ទប់ក៏ដោយ ស្ថានីយអវកាស Tiangong នឹងមានម៉ាស់ត្រឹម៤០ភាគរយនៅឡើយ ធៀបទៅនឹងម៉ាសរបស់ស្ថានីយអវកាសអន្តរជាតិ ដែលអាចផ្ទុកអវកាសយានិកបានសរុបដល់៧នាក់។ ទោះជាបែបនេះក្តី ស្ថានីយអវកាស ISS ដែលបានធ្វើប្រតិបត្តិការអស់ រយៈពេលជាង២ទសវត្សរ៍មកហើយនោះ ត្រូវគេរំពឹងថា នឹងចូលនិវត្តន៍នៅក្រោយឆ្នាំ២០៣០ គឺអំលុងពេលស្របគ្នាដែលចិនបាននិយាយថា ខ្លួនរំពឹងនឹងក្លាយជា មហាអំណាចផ្នែកអវកាស។ កន្លងមកនេះ ចិនមិនអាចចូលរួមក្នុងកម្មវិធីស្ថានីយអវកាសអន្តរជាតិបាននោះទេ ដោយសារតែច្បាប់អាមេរិក ហាមឃាត់ចិនមិនឱ្យធ្វើកិច្ចសហប្រតិបត្តិការណាមួយ NASA ឡើយ ទោះបីដោយផ្ទាល់ឬមិនដោយផ្ទាល់ក៏ដោយ៕
រូបភាពពី CGTN