(ប៉ារីស)៖ នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉ារីសបានប្រកាសថា កងទ័ពបារាំងនឹងចាប់ផ្តើមការដកខ្លួនចេញពីប្រទេសនីហ្សេ ក្នុងសប្តាហ៍នេះ បន្ទាប់ពីប្រទេសនៃតំបន់អាហ្រ្វិកខាងលិចមួយនេះ បានកើតមានរដ្ឋប្រហារយោធា កាលពីខែកក្កដា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។
យោធាបារាំងបាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ពួកយើងនឹងចាប់ផ្តើមប្រតិបត្តិការដកកងកម្លាំងក្នុងសប្តាហ៍នេះ ដោយមានសណ្តាប់ធ្នាប់និងដោយសុវត្ថិភាព ហើយស្ថិតក្រោមការសម្របសម្រួលសហការជាមួយភាគីនីហ្សេ។ ការប្រកាសនេះធ្វើឡើងនៅមួយសប្តាហ៍ បន្ទាប់ពីឯកអគ្គរដ្ឋទូតបារាំងប្រចាំទីក្រុងនីញ៉ាម៉េ ទើបត្រឡប់មកដល់ប្រទេសបារាំងវិញ ក្រោយទទួលរងសម្ពាធពីរបបយោធានីហ្សេ។ កាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ធ្លាប់បានប្រកាសថា កងទ័ពបារាំងទាំង១,៤០០នាក់ នឹងត្រូវដកចេញឱ្យផុតពីនីហ្សេ នៅមុនដំណាច់ឆ្នាំនេះ។
គួរបញ្ជាក់ថា វត្តមានកងទ័ពបារាំងនៅក្នុងប្រទេសនីហ្សេ គឺស្ថិតក្រោមក្របខណ្ឌនៃយុទ្ធនាការទ្រង់ទ្រាយធំ ដែលសំដៅប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ នៅទូទាំងតំបន់ Sahel នៃទ្វីបអាហ្រ្វិក៕
">
រូបភាពពី AFP