(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសថៃបានចាប់ខ្លួនបុរស២នាក់ ដែលរងការចោទប្រកាន់ថា បានលក់កាំភ្លើងឱ្យទៅយុវជនអាយុ១៤ឆ្នាំ ដែលជាខ្មាន់កាំភ្លើង ក្នុងករណីបាញ់ប្រហារនៅផ្សារទំនើបដ៏ប្រណិតមួយ ក្នុងទីក្រុងបាងកកនាសប្តាហ៍នេះ ដែលបានផ្តាច់ជីវិតមនុស្ស២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។
ករណីបាញ់ប្រហារខាងលើ បានកើតឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅក្នុងផ្សារទំនើប Siam Paragon ហើយបើតាមការអះអាងរបស់ប៉ូលិសថៃ ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពដោយប្រើប្រាស់ កាំភ្លើងប្រភេទគ្មានក្បាលគ្រាប់ ដែលសម្រាប់បាញ់ចេញតែសំឡេង ក៏ប៉ុន្តែត្រូវបានកែច្នៃឱ្យអាចបាញ់គ្រាប់ពិតៗបាន។ ក្រុមមន្រ្តីប៉ូលិសខេត្ត Yala ភាគខាងត្បូងប្រទេសថៃ បានចាប់ខ្លួនបុរស២នាក់ ដែលជាប់សង្ស័យថា បានលក់កាំភ្លើងឱ្យទៅក្មេងប្រុសវ័យជំទង់រូបនោះ ហើយពួកគេត្រូវបានបញ្ជូនទៅកាន់ទីក្រុងបាងកក សម្រាប់ការសួរចម្លើយ។
មនុស្ស២នាក់ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារនោះ គឺជាជនបរទេសមកពីចិននិងមីយ៉ាន់ម៉ា ខណៈ៥នាក់ទៀតរងរបួស ក្នុងនោះមានជនបរទេសនិងជនជាតិថៃផ្ទាល់។ ជនសង្ស័យជាខ្មាន់កាំភ្លើង ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទឃាតកម្មគិតទុកជាមុន បទកាន់កាប់អាវុធខុសច្បាប់ បទយកអាវុធទៅកន្លែងសាធារណៈដោយខុសច្បាប់ និងបទបាញ់កាំភ្លើងនៅទីសាធារណៈ។
គួរបញ្ជាក់ថា ឥឡូវក្មេងប្រុសវ័យ១៤ឆ្នាំរូបនោះ កំពុងតែឆ្លងកាត់ការវាយតម្លៃសុខភាពផ្លូវចិត្ត ដើម្បីកំណត់ថា រូបគេអាចឡើងសវនាការបានដែរឬយ៉ាងណា ខណៈបើតាមប៉ូលិសថៃ គឺកន្លងមកនេះ ជនសង្ស័យបានស្ថិតក្រោមការព្យាបាលជំងឺសតិអារម្មណ៍ ប៉ុន្តែបានឈប់លេបថ្នាំតាមវេជ្ជបញ្ជា។ ករណីបាញ់ប្រហារខាងលើ ក៏បានជំរុញឱ្យមានការអំពាវនាវជាថ្មី សម្រាប់ការគ្រប់គ្រងកាំភ្លើងឱ្យតឹងរ៉ឹងជាងមុនផងដែរ នៅក្នុងប្រទេសដែលពោរពេញទៅដោយ ទាំងអាវុធស្របច្បាប់និងអាវុធខុសច្បាប់មួយនេះ៕
រូបភាពពី AP