(ញូវដែលី)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោច១៤នាក់បានស្លាប់ និង១០២នាក់ ក្នុងនោះរួមមានទាំង ទាហាន២២នាក់ផងដែរ បានបាត់ខ្លួន នៅភាគឦសានប្រទេសអាស៉ីខាងត្បូងមួយនេះ ក្រោយការធ្លាក់ភ្លៀងខ្លាំង បានធ្វើឱ្យកម្ពស់ទឹកនៃបឹងមួយ កើនឡើងហួសផុតពីមាត់ច្រាំង ហើយបង្កជាការជន់លិចយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។
គ្រោះមហន្តរាយខាងលើ ដែលជះផលប៉ះពាល់លើការរស់នៅរបស់មនុស្សប្រមាណ២២,០០០នាក់ គឺជាករណីថ្មីចុងក្រោយគេនៃបាតុភូតអាកាសធាតុដ៏អាក្រក់ៗ កើតមានឡើងជាបន្តបន្ទាប់ នៅតាមតំបន់ភ្នំនៃតំបន់អាស៉ីខាងត្បូង ដែលត្រូវបានទម្លាក់កំហុសទៅលើ បញ្ហាប្រែប្រួលអាកាសធាតុ។ បើតាមអាជ្ញាធរឥណ្ឌា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងក្លាកាលពីថ្ងៃពុធសប្តាហ៍នេះ និងក្នុងរយៈពេលដ៏ខ្លីទៅលើបឹង Lhonak ជាហេតុនាំឱ្យមានការជន់លិចជ្រលង Teesta ដែលស្ថិតនៅចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង Gangtok ដែលជារដ្ឋធានីនៃរដ្ឋ Sikkim របស់ឥណ្ឌា នៅក្បែរព្រំប្រទល់ជាមួយចិន។
គួរបញ្ជាក់ថា តំបន់ភ្នំនិងខ្ពង់រាបដទៃទៀតនៃប្រទេសឥណ្ឌា ព្រមទាំងផ្នែកខ្លះនៃប្រទេសប៉ាគីស្ថាននិងនេប៉ាល់ ដែលនៅក្បែរខាងគ្នា គឺបានទទួលរងការធ្លាក់ភ្លៀងខ្លាំងជោគជាំ រួមជាមួយទឹកជំនន់និងគ្រោះរអិលបាក់ដី ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយមនុស្សជាច្រើនបានស្លាប់។ កាលពីឆ្នាំទៅមិញ ប៉ាគីស្ថានបានបន្ទោសទៅលើ បញ្ហាប្រែប្រួលអាកាសធាតុ សម្រាប់គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ដែលបង្កឡើងដោយភ្លៀងរដូវមូសូង ហើយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ដំណាំ និងផ្តាច់ជីវិតមនុស្សយ៉ាងតិច ១,០០០នាក់ នៅក្នុងប្រទេសរបស់ខ្លួន៕
រូបភាពពី AP