(ហ្សាការតា)៖ នៅថ្ងៃព្រហស្បតិ៍នេះ លោកប្រធានាធិបតី ចូកូវី ដូដូ (Joko Widodo) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើទំនើបកម្មអាវុធរបស់យោធា ប៉ុន្តែបានព្រមានថាការចំណាយណាមួយ ត្រូវតែធ្វើឡើងប្រកបដោយភាពឈ្លាសវៃ ព្រោះថវិការដ្ឋមានកម្រិត។ នេះបើយោងតាមការចេញផ្សាយដោយ គេហទំព័រសារព័ត៌មាន The Star នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។
អំឡុងព្យុហយាត្រាកងកម្លាំងប្រដាប់អាវុធ លោក ចូកូវី បានថ្លែងថា «ការចំណាយសម្រាប់បរិក្ខារយោធាត្រូវតែធ្វើឡើងដោយឈ្លាសវៃ ទាក់ទងនឹងចំនួន ឬការបែងចែក»។ កាលពីខែកក្កដា កន្លងទៅ លោក ចូកូវី ក៏ធ្លាប់បានព្រមានគណៈរដ្ឋមន្ត្រីរបស់លោកឲ្យរក្សាស្ថិរភាពថវិកា ព្រមជាមួយនិងការគូសបញ្ជាក់ ពីការចំណាយលើស ដោយទីភ្នាក់ងារសន្តិសុខ រួមទាំងក្រសួងការពារជាតិផងដែរ។
គួរបញ្ជាក់ថា ប្រទេសប្រជុំកោះដែលមានប្រជាជនចំនួន ២៧០លាននាក់ និងជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនក្នុងតំបន់អាស៉ីអាគ្នេយ៍មួយនេះ កំពុងស្វែងរកការធ្វើទំនើបកម្មយោធារបស់ខ្លួន ប៉ុន្តែបានដើរថយក្រោយបើធៀបនឹងដៃគូក្នុងតំបន់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៉ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ដែលទំនងជានឹងស្វែងរកឋានៈជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០២៤ បានដឹកនាំការបញ្ជាទិញសព្វាវុធ ក្នុងនោះរួមមានយន្តហោះចម្បាំង Rafale ចំនួន ៤២គ្រឿងតម្លៃ ៨.១ពាន់លានដុល្លារ យន្តហោះដ្រូនចំនួន ១២គ្រឿង តម្លៃ ៣០០លានដុល្លារ និងយន្តហោះចម្បាំង Mirage 2000-5 ចំនួន ១២គ្រឿង តម្លៃ ៨០០លានដុល្លារ៕
">
រូបភាពពី AFP