(ម៉ិកស៉ីកូ)៖ អាជ្ញាធរគ្រប់គ្រងសុវត្ថិភាពសត្វរបស់ម៉ិកស៉ិក បានបញ្ជាក់ពីករណីដំបូងនៃជំងឺគ្រុនផ្តាសាយបក្សី H5N1 លើសត្វបក្សីព្រៃមួយកាលពីថ្ងៃពុធ សប្តាហ៍នេះ បន្ទាប់ពីមានការប្រកាសថាគ្មានការរកឃើញមេរោគប្រភេទនេះ នៅកសិដ្ឋានចិញ្ចឹមមាន់ក្នុងប្រទេសនោះទេកាលពីព្រឹកថ្ងៃដដែល។ នេះបើ យោងតាមការចេញផ្សាយដោយសារព័ត៌មាន USnews នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។

ទីភ្នាក់ងារសុវត្ថិភាពសត្វ Senasica ស្ថិតនៅក្រោមក្រសួងកសិកម្មម៉ិកស៉ិក បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីនៃជំងឺផ្តាសាយបក្សី H5N1 ត្រូវបានរកឃើញលើសត្វទាព្រៃមួយក្បាល និងមានសុខភាពល្អ នៅក្នុងរដ្ឋចាលីស្កូ (Jalisco)។

ដំបូងឡើយ រដ្ឋាភិបាលបានប្រកាសថា ម៉ិកស៉ិកគ្មានមេរោគ H5N1 ឡើយ ជិតមួយឆ្នាំបន្ទាប់ពីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបក្សីនៅក្នុងតំបន់ ដែលមាន ហានិភ័យខ្ពស់។ យ៉ាងនេះក្តី ទីភ្នាក់ងារ Senasica បានសង្កត់ធ្ងន់ថា ករណី H5N1 ដែលត្រូវបានបញ្ជាក់មិនមែនជាសញ្ញានៃការផ្ទុះឡើងនូវជំងឺនេះ ឬផ្ទុយនឹងការប្រកាសទេ តែមានន័យថាអ្នកចិញ្ចឹមសត្វគួរតែមានការប្រុងប្រយ័ត្ន និងការពារចំពោះការហូរចូលនូវបក្សីព្រៃ។

គួរបញ្ជាក់ថា កាលពីខែតុលាឆ្នាំ២០២២ ក្រសួងកសិកម្មម៉ិកស៉ិក បានរាយការណ៍ពីការរកឃើញមេរោគ H5N1 នៅក្នុងកសិដ្ឋានចិញ្ចឹមទៅលើសត្វបក្សីចំនួន ៦០,០០០ក្បាលក្នុងរដ្ឋ Nuevo Leon ពីរទៅបីថ្ងៃ បន្ទាប់ពីបានជូនដំណឹងដល់អង្គការពិភពលោក អំពីករណីធ្ងន់ធ្ងរដំបូងនៃការឆ្លងមេរោគនេះ៕

រូបភាពពី AFP