(បាងកក)៖ អាជ្ញាធរនៅក្នុងប្រទេសថៃ​ នៅថ្ងៃពុធសប្ដាហ៍នេះបានចោទប្រកាន់ខ្មាន់កាំភ្លើងមានអាយុ១៤ឆ្នាំម្នាក់ ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់ កាំភ្លើងខុសច្បាប់ បន្ទាប់ពីរូបគេបានបើកការបាញ់ប្រហារនៅឯផ្សារទំនើបដ៏ល្បីមួយ ក្នុងទីក្រុងបាងកក ដោយប្រើកាំភ្លើងកែច្នៃមួយដើម។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Straitstimes នៅថ្ងៃព្រហស្បតិ៍ ទី៥​ ខែតុលា ឆ្នាំ២០២៣។

ខ្មាន់កាំភ្លើងវ័យក្មេងខាងលើ ដែលត្រូវបានប៉ូលិសថៃបញ្ជាក់ថាមានជំងឺផ្លូវចិត្ត បានបើកការបាញ់ប្រហារនៅឯផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបណ្ដាលឱ្យជនបរទេស២នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស។ ប៉ុន្តែ តុលាការមួយបានបដិសេធការស្នើសុំរបស់ ប៉ូលិសដែលចង់ឃុំខ្លួនជនសង្ស័យនៅឯមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្ត និងបង្គាប់ឱ្យឃុំខ្លួននៅឯមន្ទីរឃុំឃាំងអនីតិជន។ ជនសង្ស័យរូបនេះត្រូវប្រឈមមុខនឹង បទចោទប្រកាន់ចំនួន ៥បទចោទ ក្នុងនោះរួមមានការកាន់កាប់អាវុធខុសច្បាប់ យកអាវុធទៅកន្លែងសាធារណៈដោយខុសច្បាប់ និងបាញ់កាំភ្លើងដោយខុស ច្បាប់នៅតាមទីសាធារណៈ។

គួរបញ្ជាក់ថា ភាពវឹកវរបានកើតឡើងនៅផ្សារទំនើប Siam Paragon ដែលជាផ្សារទំនើបប្រណិតបំផុតរបស់ទីក្រុងបាងកក ដោយមនុស្សរាប់រយនាក់ បាននាំគ្នារត់ភៀសខ្លួនចេញពីទីនោះ ស្របពេលដែលស្នូរកាំភ្លើងបានផ្ទុះឡើង ក្នុងហេតុការណ៍កក្រើកថ្មីមួយទៀត នៃករណីអំពើហិង្សាដោយកាំភ្លើង ដែលបានកើតមាននៅប្រទេសអាស៊ានមួយនេះ ក្នុងរយៈពេលប្រមាណជា ៣ឆ្នាំចុងក្រោយ។

ស្រ្តី២នាក់ ដែលជនបរទេសមកពីចិននិងមីយ៉ាន់ម៉ា បានបាត់បង់ជីវិត ខណៈមនុស្ស៥នាក់ទៀតបានរងរបួស ក្នុងនោះ២នាក់ជាជនបរទេស និង៣នាក់ជាជនជាតិថៃ។ រីឯខ្មាន់កាំភ្លើងដែលជាក្មេងប្រុសវ័យជំទង់អាយុ១៤ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងផ្សារទំនើបកើតហេតុផ្ទាល់។ ប៉ូលិស​បាននិយាយថា ក្មេងប្រុសរូបនោះ បានស្ថិតក្រោមការព្យាបាលជំងឺសតិអារម្មណ៍ ប៉ុន្តែនៅថ្ងៃកើតហេតុ រូបគេមិនបានលេបថ្នាំ តាមវេជ្ជបញ្ជាទេ៕

រូបភាពពី AFP