(ស៊ីដនី)៖ អាជ្ញាធរនៅក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះបានណែនាំឱ្យប្រជាជនជម្លៀសខ្លួនទៅរកទីទួលមានសុវត្ថិភាព ពីគ្រោះទឹកជំនន់ដែលកំពុងគំរាមកំហែងដល់ផ្ទះច្រើនជាង ១៣០ខ្នង នៅក្នុងតំបន់ភាគខាងកើតនៃប្រទេស ជាទីដែលទើបតែរងគ្រោះដោយសារ ភ្លើងឆេះព្រៃ ក្នុងរយៈពេល៤៨ម៉ោងមុននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ភ្លៀងធ្លាក់ខ្លាំង បានធ្វើឱ្យទន្លេ McAllister River ស្ថិតក្នុងរដ្ឋ Victoria នៃភាគខាងកើតប្រទេសអូស្ត្រាលី ហក់ឡើងខ្ពស់ដោយគំរាមកំហែងដល់ ផ្ទះនៅតាមទីជនបទ។ «យើងវាយតម្លៃថាផ្ទះច្រើនជាង ១៣០ខ្នង អាចនឹងរងផលប៉ះពាល់ ដូច្នេះហើយយើងបានចេញការព្រមានពី គ្រោះអាសន្ន»។ នេះជាការបញ្ជាក់ពីអនុប្រធានសេវាសង្រ្គោះបន្ទាន់ប្រចាំរដ្ឋ Victoria លោក David Baker។

គួរបញ្ជាក់ថា សេវាសង្រ្គោះបន្ទាន់ប្រចាំរដ្ឋ Victoria បានចេញសារព្រមានឱ្យប្រជាជន ជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព ឬក៏ត្រូវស្ថិតនៅ ឱ្យឆ្ងាយពីតំបន់មានហានិភ័យខ្ពស់ ជាពិសេសនៅក្បែរទន្លេ McAllister និងទន្លេផ្សេងទៀតក្នុងរដ្ឋដែលកំពុងជន់លិច។ គ្រោះទឹកជំនន់ នៅពេលនេះកើតមានឡើង តែជាង២ថ្ងៃប៉ុណ្ណោះ ក្រោយក្រុមអ្នកពន្លត់អគ្គិភ័យបានតស៊ូប្រយុទ្ធជាមួយអណា្តតភ្លើងឆេះព្រៃលើផ្ទៃដីរាប់ពាន់ ហិកតា ក្នុងតំបន់ Gippsland៕

រូបភាពពី ABC