(បាងកក)៖ ការបាញ់ប្រហារដ៏រន្ធត់នៅឯផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងបាងកក ដោយខ្មាន់កាំភ្លើងម្នាក់អាយុ ១៤ឆ្នាំ បានបង្កជាការជជែកវែកញែកសាជាថ្មីពីបញ្ហា អំពើហិង្សាដោយកាំភ្លើង នៅក្នុងប្រទេសថៃ។ មនុស្ស ២នាក់ ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃអង្គារ ទី៣ ខែតុលា នៅពេលខ្មាន់កាំភ្លើង រូបនេះបើកការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ស្ថិតនៅចំកណ្ដាលបេះដូងនៃទីក្រុងបាងកក ដោយបណ្ដាលឱ្យមនុស្សម្នារត់ចេញក្រៅ ទាំងភ័យស្លន់ស្លោ។
ការបាញ់ប្រហារនេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនដល់ថ្ងៃខួបមួយឆ្នាំដែលអតីតមន្ត្រីប៉ូលិសថៃម្នាក់ បានសម្លាប់កុមារ ២៤នាក់ និងមនុស្សពេញវ័យ ១២នាក់ នៅឯសាលាមតេយ្យមួយកន្លែង ស្ថិតនៅភាគខាងជើងប្រទេសថៃ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ដោយប្រើកាំបិត និងកាំភ្លើងខ្លីកាន់កាប់ ដោយស្របច្បាប់ពីការទិញនៅក្រោមកម្មវិធីមួយរបស់រដ្ឋាភិបាល។ អំពើដ៏ឃោរឃៅនេះបានបង្កការតក់ស្លុតយ៉ាងខ្លាំងនៅជុំវិញពិភពលោក ហើយរដ្ឋាភិបាលថៃ នៅពេលនោះបានសន្យាថានឹងរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង។ ប៉ុន្តែ អំពើហិង្សាដោយកាំភ្លើងនៅតែបន្តត្រូវបានរាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយថៃ សឹងតែ ជារៀងរាល់សប្ដាហ៍។
រដ្ឋមន្ត្រីមហាផ្ទៃថ្មី លោក Anutin Charnvirakul ក៏បានសន្យាដែរពីការរឹតបន្តឹងអាជ្ញាបណ្ណកាំភ្លើង នៅមុនមានហេតុការណ៍បាញ់ប្រហារនៅឯផ្សារទំនើប Siam Paragon ខណៈអគ្គស្នងការនគរបាលជាតិថៃ លោក Torsak Sukwimol កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យបង្កើនការត្រួតពិនិត្យបញ្ហាសុខភាពផ្លូវចិត្ត ក្រោយខ្មាន់ កាំភ្លើងដែលត្រូវបានចាប់ខ្លួននោះ ត្រូវបានរាយការណ៍ថាកំពុងស្ថិតនៅក្រោមការព្យាបាលជំងឺផ្លូវចិត្ត។ កន្លងមក ការសន្យាបែបនេះមានជាហូរហែរ តែសម្រេចបាន លទ្ធផលតិចតួចប៉ុណ្ណោះ។ ថៃជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសមានអត្រាអ្នកកាន់កាប់កាំភ្លើងខ្ពស់បំផុតមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានកាំភ្លើង ១០លានដើមចរាចរណ៍នៅទូទាំងប្រទេស ឬប្រជាជនថៃម្នាក់ក្នុងចំណោម ៧នាក់មានកាំភ្លើងប្រើ។ នេះបើតាមគេហទំព័រ GunPolicy.org។ នៅក្នុងប្រទេសថៃ មនុស្សជិត ១,៣០០នាក់ បានស្លាប់ដោយសារកាំភ្លើង កាលពីឆ្នាំ២០១៩ បើធៀបទៅនឹងអ្នកស្លាប់ដោយសារកាំភ្លើង ១៣០នាក់ ក្នុងប្រទេសវៀតណាម ដែលមាន ចំនួនប្រជាជនច្រើនជាងថៃ ៤០ភាគរយ។
លោកស្រី Boonwara Sumano មកពីវិទ្យាស្រាវជ្រាវអភិវឌ្ឍថៃ (Thailand Development Research Institute) បាននិយាយថាវប្បធម៌ផ្ដល់តម្លៃឱ្យកាំភ្លើង តាំងពីកុមារភាព គឺជាហេតុផលមួយដ៏ចម្បង។ លោកស្រីបានបញ្ជាក់ប្រាប់ AFP ដូច្នេះថា «វាស្ទើរតែជារឿងធម្មតាទៅហើយ ដែលសិស្សនៅតាមវិទ្យាស្ថានបណ្ដុះ បណ្ដាលវិជ្ជាជីវៈចេះផលិតកាំភ្លើងដោយខ្លួនឯង»។ បើតាមប៉ូលិសបាងកក ខ្មាន់កាំភ្លើងបាញ់ប្រហារនៅផ្សារទំនើប Siam Paragon បានប្រើប្រាស់កាំភ្លើងមួយដើម គ្មានក្បាលគ្រាប់ តែត្រូវបានច្នៃទៅជាកាំភ្លើងបាញ់ចេញគ្រាប់កាំភ្លើងពិតបាន។ លោកស្រី Boonwara បន្ថែមថា «កត្តាដ៏ចម្បងមួយនៅក្នុងសង្គមថៃ នោះគឺជាទម្លាប់ ដែលអ្នកត្រូវតែមើលទៅមានភាពរឹងមាំ និងមានអំណាច ហើយកាំភ្លើងជាមធ្យោបាយមួយបង្ហាញពីរឿងអស់នេះ»។
* កម្មវិធីទិញកាំភ្លើង ក្នុងតម្លៃថោក
ថៃបានរឹតត្បិតយ៉ាងខ្លាំងលើការនាំចូលកាំភ្លើងពីបរទេស ដែលធ្វើឱ្យឈ្នួញទទួលបានកូតាតិចតួចក្នុងការនាំចូលកាំភ្លើង និងលក់ចេញវិញជាអាជ្ញាបណ្ណ ក្នុងតម្លៃខ្ពស់។ នៅស្រុកថៃ ដើម្បីអាចទិញកាំភ្លើងស្របច្បាប់ អ្នកទិញត្រូវមានអាយុ ២០ឆ្នាំឡើងទៅ ហើយត្រូវឆ្លងកាត់ការត្រួតពិនិត្យសាវតារ និងផ្ដល់ហេតុផល ណាមួយ ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិ ដូចជាទិញយកទៅការពារខ្លួនឯង ឬទុកសម្រាប់បរបាញ់សត្វ។ ក៏ប៉ុន្តែ តាមរយៈកម្មវិធីមួយរបស់រដ្ឋាភិបាលថៃ មានឈ្មោះថា gun welfare programme ឬកម្មវិធីសុខមាលភាពកាំភ្លើង គេឃើញមានកាំភ្លើងរាប់សែនដើម បានហូរចូលទៅក្នុងប្រទេស ជាពិសេសពីនាំចូលពីសហរដ្ឋអាមេរិក។
ថ្លែងប្រាប់ AFP លោក Michael Picard ជាអ្នកស្រាវជ្រាវឯករាជ្យម្នាក់ស្ដីពីកាំភ្លើង និងអំពើពុករលួយ បានកត់សម្គាល់ដូច្នេះថា «បញ្ហាពិតបា្រកដ នោះគឺកម្មវិធី សុខមាលភាពកាំភ្លើងនេះតែម្ដង»។ នៅក្រោមកម្មវិធីនេះ បុគ្គលិករដ្ឋាភិបាលត្រូវបានផ្ដល់ជូននូវការបញ្ចុះតម្លៃ និងអាចទិញកាំភ្លើងតាមរយៈទីភ្នាក់ងាររដ្ឋាភិបាល ដោយមិនចាំបាច់ត្រូវឆ្លងកាត់នីតិវិធីអាជ្ញាបណ្ណស៊ីវិលនោះឡើយ។ ម្យ៉ាងវិញទៀត ខណៈមានការរឹតត្បិតលើចំនួនកាំភ្លើង និងគា្រប់កាំភ្លើងដែលរូបវន្តបុគ្គលម្នាក់អាច ទិញបាន វាមិនមានការដាក់កំហិត ឬកំណត់នៅក្រោមកម្មវិធីសុខមាលភាពកាំភ្លើងនោះទេ។ «បញ្ហានេះឯងបានបង្កទៅជាស្ថានភាពមួយដ៏គ្រោះថ្នាក់ ដែលអាចឱ្យ ប៉ូលិសមួយចំនួនលក់កាំភ្លើងរបស់ពួកគេក្នុងតម្លៃថោកទៅក្នុងទីផ្សារងងឹត ដើម្បីរកផលចំណេញ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Michael Picard។
នៅបន្ទាប់ពីការសម្លាប់រង្គាលនៅឯសាលាមតេយ្យមួយកាលពីឆ្នាំ២០២២ ប៉ូលិសថៃ បានប្រកាសផ្អាកកម្មវិធីសុខមាលភាពកាំភ្លើង ដោយមិនមានកាលកំណត់ និងបានប្រាប់អ្នកសារព័ត៌មានថា ប៉ូលិសគ្មានក្រមសីលធម៌មួយចំនួនបានលក់កាំភ្លើងដែលពួកគេបានទិញ ទៅឱ្យអ្នកទិញ។ ប៉ុន្តែ ប្រភពពីប៉ូលិសថៃបានប្រាប់ AFP ថាកម្មវិធីនេះនៅតែដំណើរការដដែល។ ប្រភពនេះដដែលបានឱ្យដឹងទៀតថាកាំភ្លើងដែលទិញពីឈ្នួញឯកជនស្របច្បាប់មានតម្លៃ ១០០,០០០បាត ឬ (២,៧០០ ដុល្លារ) ខណៈកាំភ្លើងទិញនៅក្រោមកម្មវិធីរដ្ឋាភិបាលថៃ មានតម្លៃពី ៣០,០០០ ដល់ ៤០,០០០បាត ហើយប៉ូលិសជាច្រើនសុខចិត្តប្រើប្រាស់កាំភ្លើងផ្ទាល់ខ្លួន ដើម្បីចៀសការដាក់ពិន័យធ្ងន់ធ្ងរនៅពេលដែលកាំភ្លើងផ្លូវការរបស់ពួកគេ ខូច ឬបាត់។
គួរបញ្ជាក់ថា ការសន្យាធ្វើការកែប្រែជាច្រើន ក្រោយមានការសម្លាប់រង្គាលនៅឯសាលាមតេយ្យ ក្នុងនោះរួមមានការត្រួតពិនិត្យ និងការវាយតម្លៃសុខភាពផ្លូវចិត្តជាប្រចាំ និងការរឹតបន្តឹងការរឹតត្បិតលើការផ្ដល់អាជ្ញាបណ្ណ គឺមិនមានប្រសិទ្ធភាពនោះទេ។ មន្ត្រីប៉ូលិសត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពផ្លូវចិត្ត មុននឹងត្រូវបានជ្រើសរើសឱ្យ ចូលបម្រើការ។ ប៉ុន្តែ ការត្រួតពិនិត្យនៅពេលក្រោយមកទៀត កម្រនឹងធ្វើឡើងណាស់។
នៅត្រង់ចំណុចនេះ ប្រភពពីមន្ត្រីប៉ូលិសថៃបានប្រាប់ AFP ថាអំឡុងបំពេញភារកិច្ច វាគឺអាស្រ័យទៅលើថ្នាក់លើដែលជាអ្នកមានសិទ្ធិស្នើសុំឱ្យមន្ត្រីក្រោមឱវាទរបស់ ខ្លួន ឆ្លងកាត់ការត្រួតពិនិត្យម្ដងម្កាល ឬក៏មន្ត្រីប៉ូលិសអាចធ្វើវាដោយខ្លួនឯង។ យ៉ាងណាក៏ដោយ ខាងប៉ូលិសថៃមិនបានឆ្លើយតបទៅនឹងការសាកសួរពី AFP ឡើយ។
ខ្មាន់កាំភ្លើងជាអតីតមន្ត្រីប៉ូលិសម្នាក់ឈ្មោះ Panya Khamrab ដែលបានវាយប្រហារលើសាលាមតេយ្យ គឺប្រើប្រាស់កាំភ្លើងដែលគេបានទិញ ដោយស្របច្បាប់ ដោយកាំភ្លើងនេះមិនត្រូវបានរឹបអូសឡើយ បើទោះជារូបគេត្រូវបានបណ្ដេញចេញពីការងារដោយសារប្រើគ្រឿងញៀនក៏ដោយ៕