(ប៊ីស្កេក)៖ ប្រធានាធិបតីរុស្ស៉ីលោក វ៉ា្លឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសកៀហ្ស៉ីស៉ីស្ថាននាសប្តាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ច​ក្រៅប្រទេសជាលើកដំបូងបង្អស់ គិតចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនរូបលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មានកៀហ្ស៉ីស៉ីស្ថាន Kabar ដែលផ្អែកលើប្រភពពីមន្រ្តីនៅក្នុងការិយាល័យរបស់ ប្រធានាធិបតីប្រទេសអាស៉ីកណ្តាលមួយនេះ បានរាយការណ៍ថា «តបទៅតាមការអញ្ជើញរបស់ប្រធានាធិបតីកៀហ្ស៉ីស៉ីស្ថាន លោក សាឌៀ ហ្សាប៉ារ៉ូវ (Sadyr Japarov) នៅថ្ងៃទី១២ ខែតុលា ប្រធានាធិបតីនៃសហព័ន្ធរុស្ស៉ី នឹងបំពេញទស្សនកិច្ចផ្លូវការមកកាន់ប្រទេសរបស់យើង»។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី លោក ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់ មូលដ្ឋានទ័ពអាកាសរុស្ស៉ីមួយកន្លែង ស្ថិតក្នុងទីក្រុង Kant ដែលនៅភាគខាងកើតរដ្ឋធានី Bishkek សម្រាប់​ឱកាសគម្រប់ខួប២០ឆ្នាំ នៃការបើកមូលដ្ឋានយោធានោះ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីរុស្ស៉ី មិនសូវបានចាកចេញពីប្រទេសរុស្ស៉ីឡើយ ចាប់តាំងពីសង្រ្គាមឈ្លានពាន បានផ្ទុះឡើងនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ លើកចុងក្រោយបំផុតដែលលោក ពូទីន បានធ្វើដំណើរចេញទៅក្រៅប្រទេស គឺកាលពីខែធ្នូ ឆ្នាំមុន នៅពេលដែល​លោកបានបំពេញទស្សនកិច្ចទៅកាន់កៀហ្ស៉ីស៉ីស្ថាន ព្រមទាំងទៅកាន់បេឡារុសដែលជាអ្នកជិតខាង និងជាសម្ព័ន្ធជិតស្និទ្ធបំផុតរបស់មូស្គូ។

ចាប់តាំងពីខែមីនាមក បណ្តាប្រទេសជាសមាជិក ICC ត្រូវគេរំពឹងថា នឹងធ្វើការចាប់ខ្លួនលោក ពូទីន ប្រសិនបើលោកប្រធានាធិបតីរុស្ស៉ី ឈានជើងជាន់ទឹកដីរបស់ពួកគេ។ យ៉ាងណាក្តី កៀហ្ស៉ីស៉ីស្ថានមិនបានផ្តល់សច្ចាប័នចំពោះលក្ខន្តិកៈទីក្រុងរ៉ូមឡើយ ខណៈជាសន្ធិសញ្ញា​ដែលកំណត់ឱ្យសមាជិក ICC ទាំងអស់ មានកាតព្វកិច្ចត្រូវអនុវត្តតាម ការសម្រេចនានារបស់ ICC។ កាលពីខែកក្កដា លោក ពូទីន មិនបានធ្វើដំណើរ​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ដែលរៀបចំឡើងនៅប្រទេសអាហ្រ្វិកខាងត្បូងនោះឡើយ ខណៈអាហ្រ្វិកខាងត្បូង គឺជាសមាជិករបស់ ICC៕

រូបភាពពី AFP