(វ៉ាស៉ីនតោន)៖ ការិយាល័យរបស់លោក ឆាក់ ឈូមមើ (Chuck Schumer) ដែលជាមេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក និងមកពីគណបក្សប្រជាធិបតេយ្យ បានបញ្ជាក់នៅថ្ងៃអង្គារសប្តាហ៍នេះថា គណៈប្រតិភូចម្រុះក្នុងព្រឹទ្ធសភាអាមេរិក នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូងនៅក្នុងខែតុលានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

ក្រុមសមាជិកព្រឹទ្ធសភាទាំង ៦រូប ដែលនឹងដឹកនាំរួមគ្នាដោយលោក ម៉ាយ ក្រាប៉ូ (Mike Crapo) មកពីគណបក្សសាធារណរដ្ឋ ត្រូវបានគេរំពឹងថានឹងជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង (Xi Jinping)។ ការិយាល័យរបស់លោក Schumer បានឲ្យដឹងទៀតថា គោលបំណងនៃការធ្វើដំណើរនេះ គឺដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ហើយក៏នឹងមានកិច្ចប្រជុំជាមួយមេដឹកនាំរដ្ឋាភិបាល មេដឹកនាំធុរកិច្ចនៃប្រទេសទាំងពីរ និងពីក្រុមហ៊ុនអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន។

គួរបញ្ជាក់ថា ម្តងហើយម្តងទៀត លោក Schumer បានជំរុញឲ្យសហរដ្ឋអាមេរិក ទទួលស្គាល់ការលំបាកជាក់ស្តែង ចំពោះបញ្ហាប្រឈមជាមួយចិន ហើយកាលពីដើមឆ្នាំនេះក៏បានជំរុញឲ្យសមាជិកសភាបង្កើតច្បាប់ថ្មី ក្នុងគោលបំណងដោះស្រាយការព្រួយបារម្ភនានា ជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងបន្ទាប់ពីការបំពេញទស្សនកិច្ចរបស់មន្ត្រីរដ្ឋបាល លោក បៃដិន ជាច្រើននាក់រួមទាំងរដ្ឋមន្រ្តីពាណិជ្ជកម្ម លោកស្រី ជីណា រ៉េយម៉ុនដូ (Gina Raimondo) កាលពីខែសីហា៕

រូបភាពពី Bloomberg