(ម៉ាល)៖ ប្រធានាធិបតីជាប់ឆ្នោតនៃប្រទេសម៉ាល់ឌីវ លោក ម៉ូហាំម៉ាត់ មូយហ៊្សូ (Mohamed Muizzu) ក្នុងសប្តាហ៍នេះ បាននិយាយថា កងកម្លាំងយោធាបរទេសទាំងអស់ មិនអាចស្ថិតនៅក្នុងប្រទេសដីកោះមួយនេះឡើយ បន្ទាប់ពីរូបលោកទើបទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម៉ាល់ឌីវ កាលពីចុងសប្តាហ៍កន្លងទៅ ដែលត្រូវបានរំពឹងថា នឹងរៀបចំចំណងទាក់ទងឡើងវិញជាមួយឥណ្ឌានិងចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។
លោក Muizzu ដែលបានយកឈ្នះប្រធានាធិបតីកំពុងកាន់អំណាច គឺលោក អ៉ីប្រាហ៉ីម សូលី (Ibrahim Solih) នៅក្នុងការបោះឆ្នោតជុំទី២ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន គឺត្រូវបានគាំទ្រដោយក្រុមចម្រុះមួយ ដែលគេដឹងថាមាននិន្នាការចង់ពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ហើយកាលពីប៉ុន្មានឆ្នាំមុន លោកក៏បានដឹកនាំយុទ្ធនាការហៅថា India Out ប្រឆាំងនឹងវត្តមានអង្គភាពតូចមួយរបស់យោធាឥណ្ឌានៅម៉ាល់ឌីវ ផងដែរ។
ថ្លែងប្រាប់ក្រុមអ្នកគាំទ្ររបស់លោក អំលុងព្រឹត្តិការណ៍ជួបជុំមួយ លោក Muizzu បានលើកឡើងដូច្នេះថា «ប្រទេសទាំងអស់ដែលឯកភាពជាមួយគោលនយោបាយគាំទ្រម៉ាល់ឌីវរបស់យើង នឹងក្លាយជាមិត្តជិតស្និទ្ធក៏ដូចជាសម្ព័ន្ធមិត្តរបស់យើង។ ពួកយើងនឹងបញ្ជូនកងទ័ពបរទេស ដែលនៅម៉ាល់ឌីវត្រឡប់ទៅវិញ»។ លោក Muizzu មិនបានលើកឡើងចំឈ្មោះប្រទេសណាមួយឡើយ។
យ៉ាងណាមិញ កន្លងមក គណបក្សរបស់លោក ធ្លាប់បានចាត់ទុកឥទ្ធិពលលើសលប់របស់ឥណ្ឌា អាចជាការគំរាមកំហែងមួយ ចំពោះអធិបតេយ្យរបស់ម៉ាល់ឌីវ ហើយបានចោទប្រកាន់ឥណ្ឌាថា មានគោលដៅបង្កើតវត្តមានយោធាជាអចិន្រ្តៃយ៍ នៅប្រទេសដែនកោះនៃមហាសមុទ្រឥណ្ឌាមួយនេះ។ ឥណ្ឌារក្សាចំណងទាក់ទងជិតស្និទ្ធ ជាមួយទីក្រុងម៉ាល បានច្រានចោលការចោទប្រកាន់ខាងលើ ហើយបច្ចុប្បន្នកំពុងតែជួយកសាងកំពង់ផែសមុទ្រមួយ សម្រាប់ឱ្យកងទ័ពម៉ាល់ឌីវទទួលការបណ្តុះបណ្តាល ពីយោធារបស់ខ្លួន។
គួរបញ្ជាក់ថា យោងតាមប្រភពពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌាម្នាក់ ទីក្រុងញូវដែលីនឹងរង់ចាំមើលឱ្យឃើញច្បាស់ អំពីគោលនយោបាយជាក់ស្តែងរបស់លោក Muizzu នៅពេលលោកឡើងកាន់អំណាច។ សម្រាប់ពេលនេះ លោក Ibrahim Solih ដែលបានលើកស្ទួយគោលនយោបាយយកឥណ្ឌាជាធំ នឹងនៅបន្តធ្វើជាប្រធានាធិបតី រហូតដល់ពេលលោក Muizzu ស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី១៧ ខែវិច្ឆិកា៕
">
រូបភាពពី AFP