(ញូវដែលី)៖ អ្នកនាំពាក្យការពារជាតិមួយរូបរបស់ឥណ្ឌា បាននិយាយថា កងទ័ព២៣នាក់បានបាត់ខ្លួននៅថ្ងៃពុធនេះ បន្ទាប់ពីមានទឹកជំនន់ភ្លាមៗ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ក្នុងតំបន់ភាគឦសានរដ្ឋស៉ីគឃីម (Sikkim)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

ភ្លៀងបានវាយប្រហារលើជ្រលងភ្នំចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Gangtok នៃរដ្ឋ Sikkim ដែលមានទីតាំងនៅតាមព្រំដែនជាមួយប្រទេសចិន។ អ្នកនាំពាក្យដែលមានមូលដ្ឋាននៅទីក្រុង ហ្គូវ៉ាហាទី (Guwahati) រូបនេះបញ្ជាក់ថា កងទ័ពមួយចំនួនដែលកំពុងឈរជើងនៅតាមជ្រលងភ្នំបានរងផលប៉ះពាល់ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះកំពុងបន្ត។ ទឹកបានជន់ឡើងហៀរទំបន់បណ្តាលឲ្យលិចយានយន្តមួយចំនួន។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងផ្គររន្ទះ បាននិងកំពុងរារាំងដល់ប្រតិបត្តិការជួយសង្គ្រោះនៅក្នុងតំបន់៕