(រ៉ូម)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មនុស្សយ៉ាងហោច២១នាក់បានបាត់បង់ជីវិត និង១៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុង១គ្រឿង ដែលដឹកភ្ញៀវទេសចរ បានបើកធ្លាក់ពីលើស្ពានអាកាស នៅជាយទីក្រុង Venice ភាគខាងជើងប្រទេសអ៉ីតាលី ហើយត្រូវភ្លើងឆាបឆេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣។

រថយន្តក្រុងខាងលើ ផ្ទុកអ្នកដំណើរសរុប៤០នាក់ ខណៈចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដ្បិតអ្នករងរបួសមួយចំនួន ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ បើតាមសាលាក្រុង Venice អ្នកដែលរងរបួសទាំង១៨នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរកន្លែងកើតហេតុ ក្នុងនោះមាន៤នាក់ ស្ថិតក្រោមស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរអ៉ីតាលីបានអះអាងថា រថយន្តបានធ្លាក់ទៅក្រោមកម្ពស់ប្រហែល១៥ម៉ែត្រ ចំលើបណ្តាញខ្សែអគ្គិសនី រួចរងការឆាបឆេះ នៅវេលាម៉ោង៧៖៤៥នាទីយប់ថ្ងៃអង្គារ (ពេលវេលាក្នុងតំបន់)។

គួរបញ្ជាក់ថា ៥នាក់ក្នុងចំណោមជនរងគ្រោះ គឺជាជនជាតិអ៊ុយក្រែននិងម្នាក់ជាជនជាតិអាល្លឺម៉ង់ ហើយរថយន្តក្រុងនោះ ក៏មានដឹកអ្នកដំណើរ​មកពីបារាំងនិងកូ្រអាស៉ីផងដែរ។ កាលពីឆ្នាំ២០១៧ មនុស្ស១៦នាក់ នៅលើរថយន្តក្រុង១គ្រឿង ដែលផ្ទុកសិស្សសាលាហុងគ្រីបានស្លាប់ ក្នុងឧបទ្ទវហេតុមួយនៅក្បែរទីក្រុង Verona ភាគខាងជើងប្រទេស ខណៈមនុស្ស៤០នាក់ បានស្លាប់កាលពីឆ្នាំ២០១៣ នៅពេលរថយន្តក្រុង១គ្រឿង បានបើកធ្លាក់ពីលើស្ពាន នៅភាគខាងត្បូងអ៉ីតាលី៕

រូបភាពពី AFP