(មូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា រុស្ស៉ីគ្មានផែនការបញ្ជូនបុរសៗ បន្ថែមទៀតទៅអ៊ុយក្រែននោះទេ ខណៈមានមនុស្សជាង ៣៣៥,៩០០នាក់ហើយរហូតមកដល់ពេលនេះ បានចុះឈ្មោះសុំចូលប្រយុទ្ធជាមួយកងកម្លាំង ប្រដាប់អាវុធរុស្ស៉ី ឬអង្គភាពស្ម័គ្រចិត្ត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sraitstimes នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

លោក សយហ្គូ បានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍រដ្ឋ និងប្រាប់ទៅកាន់ឧត្តមសេនីយ៍កំពូលរបស់ខ្លួន យ៉ាងដូច្នេះថា «មិនមានផែនការកែនកងទ័ពបន្ថែមទៀត នោះទេ។ កងកម្លាំងប្រដាប់អាវុធមានបុគ្គលិកយោធាគ្រប់គ្រាន់ ដើម្បីធ្វើប្រតិបត្តិការយោធាពិសេស»។ លោក សយហ្គូ បានបន្ថែមថា «ចាប់តាំងពីដើមឆ្នាំមក មានមនុស្សជាង ៣៣៥,០០០នាក់ បានចូលបម្រើការក្នុងជួរយោធាក្រោមកិច្ចសន្យា និងក្នុងទម្រង់ស្ម័គ្រចិត្ត។ គ្រាន់តែនៅក្នុងខែកញ្ញាមួយ ពលរដ្ឋជាង ៥០,០០០នាក់បានចុះកុងត្រាជាមួយក្រសួងការពារជាតិរុស្ស៉ី»

គួរបញ្ជាក់ថា រុស្ស៉ី បាន និងកំពុងពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងបង្កើនការផលិតសព្វាវុធសម្រាប់ការធ្វើសង្រ្គាមរយៈពេលយូរនៅអ៊ុយក្រែន។ តួលេខខាងលើនេះបង្ហាញពីការរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងការយល់ព្រមចុះកុងត្រាជាមួយអ្នកដែលត្រូវបានជ្រើសរើស និងការអូសទាញអ្នកប្រយុទ្ធ ជាច្រើនពីកម្លាំងទាហានស៊ីឈ្នួល Wagner ឲ្យក្លាយជា «ទម្រង់ស្ម័គ្រចិត្ត»

រូបភាពពី AP