(អូតាវ៉ា)៖ រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី ម៉េឡានី ចូលី (Melanie Joly) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ទីក្រុងអូតាវ៉ា មានបំណងបើក កិច្ចពិភាក្សាជាលក្ខណៈឯកជនជាមួយឥណ្ឌា ជុំវិញជម្លោះផ្នែកការទូតដែលផ្តើមចេញពីការសម្លាប់មេដឹកនាំក្រុមផ្តាច់ខ្លួនស៉ីគ (Sikh) ម្នាក់ ក្រោយមាន សេចក្តីរាយការណ៍ថា ឥណ្ឌាបានប្រាប់ឱ្យកាណាដាដកមន្ត្រីទូតចំនួន ៤១រូបរបស់ខ្លួនចេញពីប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

កាសែត Financial Times នៅថ្ងៃអង្គារសប្ដាហ៍នបានឱ្យដឹងថា ឥណ្ឌាបានប្រាប់កាណាដាដកមន្ត្រីទូតចំនួន ៤១រូបរបស់ខ្លួនចេញពីប្រទេស ឱ្យបានមុន
នៅថ្ងៃទី១០ ខែតុលា។ មិនតែប៉ុណ្ណោះ ឥណ្ឌាក៏បានគំរាមដកអភ័យឯកសិទ្ធិការទូត ចំពោះមន្ត្រីការទូតរូបណាដែលត្រូវបានបង្គាប់ឱ្យចាកចេញ តែបន្តស្ថិតនៅ ក្នុងប្រទេសឥណ្ឌា នៅក្រោយថ្ងៃទី១០ ខែតុលា ទៀតផង។ ប៉ុន្តែលោកស្រី ចូលី និងនាយករដ្ឋមន្ត្រី លោក ចាស្ទីន ទ្រូដូ មិនឆ្លើយតបអ្វីឡើយនៅពេលត្រូវបានសួរអំពី សេចក្ដីរាយការណ៍នេះ។

លោកស្រី ចូលី បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា «យើងកំពុងទាក់ទងជាមួយរដ្ឋាភិបាលនៃប្រទេសឥណ្ឌា។ យើងយកចិត្តទុកដាក់លើសុវត្ថិភាព អ្នកការទូតកាណាដាយ៉ាងខ្លាំង ហើយយើងនឹងបន្តសហការជាលក្ខណៈឯកជន ព្រោះយើងគិតថាកិច្ចសន្ទនាបែបការទូតគឺមានប្រសិទ្ធភាពបំផុតនៅពេល ធ្វើឡើងជាលក្ខណៈឯកជន»។ កាណាដា មានមន្ត្រីការទូតសរុប ៦២នាក់ នៅក្នុងប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកាណាដា និងឥណ្ឌា កាន់តែឡើងកំដៅ បន្ទាប់ពីមានការសង្ស័យរបស់កាណាដាលើភាពជាប់ពាក់ព័ន្ធរបស់ភ្នាក់ងាររដ្ឋាភិបាល ឥណ្ឌា ទៅនឹងឃាតកម្មសម្លាប់មេដឹកនាំក្រុមផ្តាច់ខ្លួន Sikh និងជាពលរដ្ឋកាណាដា លោក Hardeep Singh Nijjar ដែលឥណ្ឌាបានចាត់ទុកជា «ភេរវករ»៕

រូបភាពពី AFP