(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បានលុបចោលជើងហោះហើរ បិទសាលារៀន ព្រមទាំងការិយាល័យជាច្រើនជាបណ្ដោះអាសន្ន ខណៈព្យុះទីហ្វុង Koinu កំពុងបក់បោកកាន់តែជិតដល់តំបន់ឆ្នេរភាគខាងត្បូងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន​ Bloomberg នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

ព្យុះទីហ្វុង Koinu ត្រូវបានរំពឹងថានឹងនាំមកជាមួយខ្យល់បក់ខ្លាំង និងធ្វើឱ្យមានរលកទឹកសមុទ្រឡើងដល់កម្ពស់ ៧ម៉ែត្រ នៅតាមបណ្ដោយឆ្នេរភាគខាងត្បូង។ ដោយមានពីការព្រមាននេះ អាជ្ញាធរក្នុងតំបន់បានសម្រេចចិត្តបិទសាលារៀន និងការិយាល័យ ក្នុងតំបន់ Pingtung និង Taitun រួមទាំងកោះ Penghu និង Green Island ជាបណ្ដោះអាសន្ន។ ព្យុះទីហ្វុងនេះកំពុងស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រ ពីតំបន់ឆ្នេរភាគខាងត្បូងបំផុតនៃកោះតៃវ៉ាន់ ជាមួយល្បឿនខ្យល់បក់ ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចឡើងដល់អតិបរមា ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Koinu ត្រូវបានព្យាករថានឹងបក់បោកទៅដល់ដីគោកនៃភាគខាងត្បូងកោះតៃវ៉ាន់ មុនរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេល ជើងហោះហើរអន្តរជាតិច្រើនជាង ៥០ជើង និងជើងហោះហើរក្នុងស្រុកនៅទូទាំងតំបន់ឆ្នេរភាគខាងត្បូងត្រូវបានលុបចោល៕

រូបភាពពី Bloomberg